adverise with khmeread 14045669 1825277287708614 3824654520213586094 n

ខេត្តព្រៃវែងដាក់កម្លាំងការពារមណ្ឌលប្រឡងជិត ៣០០ នាក់

    ព្រៃវែង ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ចុះកម្លាំងចំនួន ២៩៥នាក់ ដើម្បីការពារ មណ្ឌលប្រឡង សញ្ញាប័ត្រទុតិយភូមិទូទាំងខេត្តព្រៃវែង ។

    នាព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្ត បានឱ្យដឹងថា នាពេលព្រឹកនេះ លោកឧត្តមសេនីយ៍ បានបញ្ចុះកម្លាំង ចំនួន ២៩៥ ដើម្បីការពារ ការប្រឡងសញ្ញាប័ត្រ ទុតិយភូមិ ដែលមាន មណ្ឌលប្រឡងចំនួន ១០ មណ្ឌល ស្មើនិង ២១៣ បន្ទប់ ទូទាំងខេត្ត។

    លោកបានបញ្ជាក់ថា កម្លាំងដែលប្រើប្រាស់ មានកម្លាំងស្នងការដ្ឋាន និងតាមបណ្តាអធិការ ចំនួន ២៣៥ នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៦០ នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការ។ ក្នុងការ ការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្នងការដ្ឋាន បានប្រើប្រាស់ មធ្យោបាយ ដូចជា រថយន្ត សារ៉ែន ចំនួន ១ គ្រឿង និងម៉ូតូធំ ចំនួន ៥ គ្រឿង និងមានវិទ្យុទាកទង ទូរសព្ទ័ដៃ ទាក់ទងទៅតាមស្នងការរងទទួលខុសត្រូវតាមណ្ឌលនីមួយៗ។

    លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា យោងតាមការជូនដំណឹង ពីប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ឆ្នាំនេះប្រឡង សញ្ញាប័ត្រទុតិយភូមិ ទូទាំងខេត្តព្រៃវែង មានមណ្ឌលប្រឡងចំនួន ១០ មណ្ឌល នៅក្នុងក្រុងព្រៃវែង ចំនួន ៨មណ្ឌល នៅស្រុកស្វាយអន្ទរចំនួន ២ មណ្ឌល មានបន្ទប់សរុបចំនួន ២១៣បន្ទប់ មានបេក្ខជន ចូលប្រឡងចំនួន ៥៣០០ នាក់ ប្រុសចំនួន ២៨៦២ នាក់ ស្រីចំនួន ២៤៣៨ នាក់។


 
    ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ ស្នងការបានធ្វើការណែនាំ ដល់មន្រ្តីក្រោមឱវាទ ការពារទៅតាមមុខព្រួញ ឱ្យមានភាពស្ងប់ស្ងាត់ធ្វើយ៉ាងណាឱ្យការប្រឡងប្រកបដោយរលូន និងជោគជ័យ៕

adverise with khmeread

មតិយោបល់