កីឡាករិនីរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រមកពីនូវែលហ្សេឡង់ Nikki Hamblin និងមកពីអាមេរិក Abbey D'Agostino បានទទួលមេដាយពិសេសពីអូឡាំពិកសម្រាប់ការជួយគ្នាក្នុងគ្រាមានទុក្ខលំបាក។
ពួកគេបានទទួលមេដាយ Pierre de Coubertin ដែលបានផ្ដល់ត្រឹមតែ ១៧ ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអូឡាំពិក។
នាង Hamblin បានរត់ដួលក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនាង D'Agostino សុខចិត្តមិនខ្វល់ពីការដណ្តើមមេដាយ ដោយងាកមកជួយ Hamblin។
នាង D'Agostino បានរត់មកជួយនាង Hamblin និងបានលើកទឹកចិត្តនាងឱ្យរត់ទៅមុខជាមួយនាង។ ប៉ុន្ដែកីឡាការិនីអាមេរិកជឿថាជង្គង់របស់ Hamblin បានរបួសរហែកសរសៃពួរជើង ហើយ Hamblin បានប្រាប់កីឡាការិនីអាមេរិកថា បន្តរត់ប្រណាំងទៀតទៅកុំខ្វល់ពីនាង ប៉ុន្តែ D'Agostino មិនព្រមរត់ចោល Hamblin ទេ។
ក្នុងសេចក្ដីថ្លៃងការណ៍មួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឱ្យដឹងថា "រឿងរបស់កីឡាការិនី D'Agostino និងHamblin គឺជាទង្វើមនុស្សជាតិនិងការលះបង់ ដែលបានថតជាប់ក្នុងបេះដូងមនុស្សជុំវិញសាកលលោក"។
កីឡាការិនី Hamblin បាននិយាយថា "ការឈ្នះរង្វាន់នេះគឺរឿងប្រពៃណាស់។ ខ្ញុំមានមោទនភាពនូវអ្វីដែលយើងបានធ្វើ ហើយជឿជាក់ថាអ្នកអាចជាអ្នកប្រកួតប្រជែងចិត្តល្អផង និងចេះជួយគ្នាក្នុងពេលតែមួយផង។ អ្នកទាំងអស់គ្នាមកទីនេះដើម្បីប្រកួតប្រជែង ប៉ុន្ដែមានមនុស្សច្រើនណាស់មិនអាចសម្រេចភាពជោគជ័យរបស់ខ្លួនបាន ហើយការដំណើរប្រកួតប្រជែងជារឿងសារៈសំខាន់ណាស់ដែរ។ ដំណើរប្រកួតប្រជែងនេះជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆាកជីវិតខ្ញុំ"៕
