ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង៦ និង៣០នាទីយប់ថ្ងៃ២១ សីហា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូពីខេត្តព្រះសីហនុ ហើយបើកគេចទៅខេត្តកំពត។
ប៉ូលិសនិយាយថា កម្លាំងប៉ូលិសខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញប៉ូលិសខេត្តកំពត ធ្វើការស្ទាក់ចាប់បានជនសង្ស័យ ០១នាក់ នៅខេត្តកំពតខណៈជនសង្ស័យ បាន លួចកាច់បំបែកសោកលួចម៉ូតូ បានសម្រេចនៅខេត្តព្រះសីហនុហើយ ត្រូវកម្លាំងប៉ូលិសខេត្តព្រះសីហនុដេញតាមពីក្រោយ។
ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ ផុន សុភា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
ចំណែកជនសង្ស័យឈ្មោះ ជី វណ្ណៈ ហៅ ជា សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបានម៉ូតូម៉ាកវ៉េវ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ១គ្រឿង។
ជនសង្ស័យ កំពុងបន្តនិតិវិធី នៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបញ្ជូនទៅតុលាការ៕
