Unnamed %281%29

ឃាត់ជនសង្ស័យ២នាក់ជាមួយថ្នាំញៀនម៉ាទឹកកក១៧ថង់នៅប៉ោយប៉ែត

    បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោក អនុសេនីយ៍ឯក ស សុភ័ត្រ្តា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងជាប្រធានស្នាក់ការសន្តិសុខ៥៦៨ បានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់កំពុងប្រើប្រាស់គ្រឿងញៀន ពេលនោះអាវុធហត្ថបានធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ។

    ក្រោយពីសាកសួររួច នៅវេលាម៉ោង៨យប់ថ្ងៃទី២១ សីហា ឆ្នាំ២០១៦ ដដែលកម្លាំងអាវុធហត្ថ បានធ្វើការស្រាវជ្រាវបន្តរហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀតហើយធ្វើការឆែកក្នុងខ្លួន បានដកហូតគ្រឿងញៀនបាន២កូនថង់តូច ហើយបានបន្តធ្វើការឆែកឆេរនៅក្នុងបន្ទប់លេខ២២៧ក្នុងសណ្ឋាគារ ហ្គូតឡាក់ ដែលជនសង្ស័យជួលស្នាក់នៅ បានរកឃើញថ្នាំញៀន ចំនួន១៤ថង់តូចបន្ថែមទៀត។

    សរុបថ្នាំញៀនមានចំនួន១៧ថង់តូចមានទម្ងន់១០,១៦ក្រាម និងទូរស័ព្ទដៃ២គ្រឿង ប្រាក់ខ្មែរ៧ម៉ឺនរៀល ប្រាក់ដុល្លា១៣ដុល្លារ។

    ជនសង្ស័យទាំង២នាក់ក្រោយពីឃាត់ខ្លួនហើយ អាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ដើម្បីធ្វើការសាកសួរបន្ត។

    លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ឡាយ លីម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងបន្ទប់ជួលក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់) និងទី២.ឈ្មោះ ជា ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងបន្ទប់ជួលលេខ២២៧ សណ្ឋាគារហ្គូដឡាក់ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ)។

    លោក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា នៅមុខអាវុធហត្ថជនសង្ស័យឈ្មោះ ជា ផល្លា បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តការជួញដូរគ្រឿងញៀនពិតប្រាកដមែន។

    ក្រោយពីបានចំលើយសារភាព ហើយជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕


 

មតិយោបល់