KHM Champion League រដូវកាលថ្មី ដំឡើងប្រាក់រង្វាន់៨ពាន់ដុល្លារអាមេរិក

    ព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ពាក់កណ្តាលអាជីព KMH Champion League រដូវកាល ថ្មីបានដំឡើងប្រាក់រង្វាន់សម្រាប់ម្ចាស់ដំណែងជើងឯករហូតដល់ ៨ពាន់ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីម្ចាស់ ជើងឯករដូវកាលចាស់ ២០១៦ កន្លងទៅមានប្រាក់រង្វាន់សម្រាប់ជើងឯកត្រឹម ៣ពាន់ដុល្លារនោះ។

    ថ្លែងប្រកាសនៅក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ, លោក កាំង សេន ប្រធាន ក្រុមហ៊ុន ISI Group និងជាស្ថាបនិករៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ KMH Champions League នឹងរៀបចំ ប្រាក់រង្វាន់ទុកសម្រាប់ម្ចាស់ជើងឯករដូវកាលថ្មី ២០១៧ ខាងមុខ គឺ៨ពាន់ដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើងជិត៣ដងឯណោះ។ 

    ចំណែកឯ លេខ​២ ​បាន​៤​ពាន់​ដុល្លារ, លេខ​៣ ​បាន​២​ពាន់​ដុល្លារ ​និង​លេខ​៤​ បាន​១​ពាន់​ដុល្លារ។ លោកបញ្ជាក់ថា សម្រាប់ការទទួលចុះឈ្មោះចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃដំណឹងនេះតទៅ រហូត ដល់ថ្ងៃទី២២ កញ្ញា ទើបបិទបញ្ជី ហើយការប្រកួតជាផ្លូវការនឹងត្រូវដំណើរការ ចាប់​ពី​ចុង​ខែ​កញ្ញា ​ឆ្នាំ​២០១៦​នេះ​តទៅ ជារៀង​រាល់​សប្ដាហ៍ នៅ​​ទីលាន KMH ​នៅ​ផ្លូវវេងស្រេង និង​ទីលាន Western។

    ព្រឹត្តិការណ៍នេះនឹងកំណត់យក​ក្រុម​ចូល​រួម​ចំនួន​៣២​ក្រុម​ដដែល ដោយ​រៀប​ចំ​ការ​ប្រកួត​ដូច​ទៅ​នឹង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​អឺរ៉ុប​ដែរ។ ក្នុងចំណោមក្រុម ដែលកំណត់នេះ គឺមាន​១៦​ក្រុម​មាន​ឈ្មោះ​រួច​ជា​ស្រេច រីឯ​​១៦​ក្រុមផ្សេង​ទៀត នឹងត្រូវប្រកួត​ជម្រុះ​ពី​ក្រុម​ជា​ច្រើន​ ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត។

    លោក កាំង សេន បានបញ្ជាក់នូវគោល​បំណង​របស់ខ្លួន ក្នុង​ការ​បង្កើត​ពាន​រង្វាន់​នេះឡើង ដោយឈរ លើគោលការណ៍ធំៗ​៣​យ៉ាង គឺ​ទី​១​ចង់​ជួយ​អភិវឌ្ឍ​បាល់​ទាត់​នៅ​កម្ពុជា ទី​២ ​ចង់​លើក​ស្ទួយ​ដល់​យុវជន​ឲ្យ​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ទី​៣​ចង់​ជួយ​សង្គម​តាម​រយៈ​ការលេងបាល់ទាត់​នេះ ដែល កាលពីពេលថ្មីៗនេះ លោក កាំង សេន ប្រមូលបានថវិកាជាច្រើនម៉ឺនដុល្លារ ជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

    សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត បណ្តាក្លឹបដែលចូលរួមត្រូវ​បង់ថ្លៃ​ចុះ​ឈ្មោះ​ចំនួន​៣០០​ដុល្លារ ហើយគ្រប់ក្រុម​ទាំង​អស់​អាច​យក​កីឡាករ​អាជីព​បាន​ចំនួន​២​នាក់ ហើយ​កីឡាករ​បរទេស​បាន​៤​នាក់ តែ​អាច​ដាក់​ចូល​លេង​លើ​ទីលាន​បាន​តែ​២​នាក់ប៉ុណ្ណោះ៕


 

Unnamed %285%29 adverise with khmeread

មតិយោបល់