ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យប៉ូលិសប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី១ ដើម្បីចាត់ការតាមនីតិវិធីបន្ទាប់ពីបិនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៦៥ កែងនិងផ្លូវកម្ពុជាក្រោម
ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ប៉ូលិសនិយាយថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ រដ្ឋ ណា ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណទេ។
បើតាមសម្ដីស្ត្រីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុប្រហែលម៉ោង៩រូបគាត់ បានរៀបចំចាក់សោរម៉ូតូ និងសម្ភារៈមួយចំនួននៅក្រៅបន្ទាប់ដូចសព្វថ្ងៃ រួចហើយក៏នាំ កូនចៅចូលសម្រាកក្នុងផ្ទះហើយបានចាក់គន្លឹះបន្ទប់ផងដែរ។
ខណៈពេលនោះស្រាប់តែមានក្មេងៗស្រែកប្រាប់ថា មានមនុស្សនៅក្រោមគ្រែមុខផ្ទះអើតលឺមៗ ភ្លាមនោះគាត់បានបើកទ្វារមកមើល ក៏ឃើញជនសង្ស័យរៀបនឹងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ហើយពេលនោះប្ដីរបស់គាត់ក៏ចេញមកដែរ និងបានប្រតាយប្រតប់គ្នាទៅវិញទៅមក។ប្រជាពលរដ្ឋឃើញដូច្នេះក៏នាំគ្នាចេញមកជួយម្នាក់មួយដៃមួយជើងហើយចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងនាំជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ហើយស្ត្រីជនរងគ្រោះរួមជាមួយកូនស្រីរបស់គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ។
សូមបញ្ចាក់ថា ខណៈពេលដែលភ្នាក់ងារអ្នកយកព័ត៌មានយើងចុះទៅសុំថតរូបភាពជនសង្ស័យ តែបែរជាសមត្ថកិច្ចមិនសហការជាមួយឡើយសូម្បីតែឈ្មោះក៏ប្រាប់ផង៕
