adverise with khmeread Unnamed %282%29

ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន! "ឱបបងឱ្យណែនមកអូន ហើយបើអត់ពីបងទៅតើអូនចិញ្ចឹមកូនរស់ទេ" ជាសម្ដីចុងក្រោយរបស់ចោរប្លន់ទូរស័ព្ទ

    ភ្នំពេញ​ ៖​ វាជារឿងរ៉ាវដ៏ចម្លែកនិងកំសត់មួយដែលនឹកស្មានមិនដល់ថា ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសប្លន់ទូរស័ព្ទដៃ បានឈានដល់ការបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ខណៈពេលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធពីខាងក្រៅជាប់ ដែលខុសពីសកម្មភាពជនសង្ស័យដទៃទៀតមានការប្រយុទ្ធតដៃជាមួយសមត្ថកិច្ចមុនពេលឈានដល់ការចាប់ខ្លួននោះ។


​    
    ប៉ុន្តែករណីមួយនេះវាផ្ទុយស្រលះពីបទល្មើសដទៃពីព្រោះថា ក្រោយពីមានហេតុការណ៍នេះក្រុមគ្រួសារសពជនសង្ស័យ ដែលមានប្រពន្ធកូនឪពុកម្ដាយ បានចេញមុខមកបំភ្លឺ និងបកស្រាយការពិតពីរឿងរ៉ាវនៃដំណើរជីវិតដ៏កំសត់នៅពីក្រោយជនសង្ស័យ ដែលក្លាយខ្លួនជាចោរប្លន់នោះ ដែលធ្វើអោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីរំជួលចិត្តកើតក្ដីអាណិតអាសូរទៅវិញ។

    តាមការបំភ្លឺរបស់ភរិយាជនល្មើសបានរៀបរាប់ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីថា៖ រូបនាងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ហើយទៅធ្វើការនៅក្លឹបស្នូឃ័រ ខេត្តសៀមរាប បានជួបជាមួយបុរសឈ្មោះ ហេង សុខមាន ជាបុគ្គលិកក្រុមហ៊ុន metfone និងបានរៀបការគ្នាជាប្តីប្រពន្ធ ក្នុងឆ្នាំ២០១១ នៅស្រុកកំណើតរួចត្រឡប់ទៅធ្វើការនៅខេត្តសៀមរាបវិញដដែល ក្រោយមកប្តីខ្ញុំឱ្យខ្ញុំឈប់ធ្វើការ ដោយគាត់ជាអ្នករាប់រងជីវភាពទាំងស្រុង។

    ប្តីនាងធ្វើការបាន១៦០ដុល្លារ ក្នុង១ខែ ដោយគាត់ចេះចិន អង់គ្លេស និង IT ច្បាស់ គាត់បានសុំក្រុមហ៊ុនឡើងប្រាក់ខែ តែក្រុមហ៊ុនមិនព្រមឡើងឱ្យ ថែមទាំងកាត់ប្រាក់ហូបប្រចាំថ្ងៃ និងថ្លៃសាំងទៀត ប្តីនាងក៏បានលាឈប់ កាលនោះគ្រួសារខ្ញុំ បានខ្ចីលុយធនាគារ ១០០០ដុល្លារ ដើម្បីទិញម៉ូតូ ដោយយកប្លង់ដីម្តាយនាងនៅពោធិ៍សាត់ដាក់បញ្ចាំ តែក្រោយមកម៉ូតូនោះត្រូវចោរលួចបាត់។

    បន្ទាប់មកប្តីខ្ញុំបានដាក់ពាក្យធ្វើការគ្រប់ទីកន្លែងក្នុងខេត្ត តែគ្មានអ្នកណាទទួល រហូតបានជាប់ការងារជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាន និងផ្ទះសំណាក់ក្នុងខេត្តមណ្ឌលគីរី នាងក៏បានទៅធ្វើការជាមួយគ្នា។

    ពេលនោះពួកខ្ញុំខិតខំសន្សំប្រាក់ធីប ដែលភ្ញៀវឱ្យរហូតសងបំណុលធនាគាររួច និងសល់ លុយមួយចំនួន ពួកខ្ញុំក៏បានខ្ចីលុយធនាគារ ៥០០០ដុល្លារ បន្ថែមទៀតដើម្បីបើកហាង ហូបចុកខ្លួនឯង តែក៏ត្រូវខាតបង់អស់គិតជាទឹកប្រាក់ប្រហែល ៣០០០០ដុល្លារ។

    ក្រោយមកពួកនាងបានត្រលប់មកខេត្តសៀមរាបវិញ ប្តីនាងបានម៉ៅការសំណង់ពីក្រុមហ៊ុនចិនមួយ តែថៅកែចិនបើកលុយឱ្យមិនគ្រប់ពួកនាងក៏បានខ្ចីលុយធនាគារម្តងទៀតចំនួន ៣៥០០ដុល្លារ ដើម្បីបើកឱ្យថ្លៃកម្មករ។ ហើយប្តីនាងបានទៅទទួលម៉ៅការសំណង់មួយកន្លែងទៀតនៅខេត្តកោះកុង។

    ក្រោយចប់គម្រោងនៅកោះកុង ប្តីនាងក៏បានទៅរកម៉ៅការនៅសំណង់វារីអគ្គីសនីខេត្តស្ទឹងត្រែង តែពេលទៅដល់ប្តីនាងខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ គឺជំងឺឈាមសស៊ីឈាមក្រហម ពេលនោះនាងបានខ្ចីលុយធនាគារម្តងទៀតដើម្បីមើលជំងឺប្តី ហើយបានមកនៅភ្នំពេញដោយស្នាក់នៅផ្ទះមីងពូ ក្នុងខណ្ឌព្រែកព្នៅ ក្រោយមកចេញទៅនៅផ្ទះជួល១ខែ ៤០ដុល្លារ។

    ប្តីនាងបានប្រាប់ថាគាត់បានទទួលម៉ៅការសំណង់ជាមួយក្រុមហ៊ុនចិននៅអូឡាំពិក ហើយគាត់តែងតែចេញទៅធ្វើការរៀងរាល់ព្រឹក និងត្រលប់មកផ្ទះវិញរាល់ល្ងាច មិនដែលដាច់យប់ទេ។ ពួកខ្ញុំមានម៉ូតូ១គ្រឿងម៉ាកស្មាស់ សេរីឆ្នាំ២០១២ ក៏បានយកទៅបញ្ចាំ ៦០០ ដុល្លារ ដើម្បីបង់ការប្រាក់ និងឱ្យថ្លៃឈ្នួលផ្ទះអស់ដែរ។

    ក្រោយពេលបញ្ចាំម៉ូតូបានប៉ុន្មានថ្ងៃ ប្តីនាងបានជិះម៉ូតូចាស់មួយគ្រឿងមកផ្ទះដោយប្រាប់ថាខ្ចីគេ។ នៅថ្ងៃទី១៨ សីហា ២០១៦ ប្តីខ្ញុំបានឱ្យលុយមកខ្ញុំ ២០០ ដុល្លារសម្រាប់បង់ថ្លៃផ្ទះនិងសងការប្រាក់គេ ដោយប្រាប់ថាជាលុយប្រាក់ខែ យប់នឹងប្តីនាងចេះតែនិយាយប្លែកៗ ដោយប្រាប់ឱ្យខ្ញុំឱបគាត់ឱ្យណែន ហើយសួរនាងថាបើអត់ពីបងទៅតើអូនចិញ្ចឹមកូនរស់ទេ រួចហើយយកកូនមកដាក់លើដើមទ្រូងនិយាយផ្តាំកូនថា បើអត់ពីប៉ាទៅកូនត្រូវរកមនុស្សណាដែលល្អរស់នៅជាមួយគេ។

    លុះព្រឹកឡើងថ្ងៃទី១៩ សីហា ២០១៦ ម៉ោង៦នាងខ្ញុំបានលឺសំឡេងគោះទ្វារ និងស្រែកខ្លាំងៗ នាងចង់ទៅបើកផ្ទះ តែប្តីនាងចេះតែឱបនាងជាប់ និងប្រាប់កុំឱ្យបើកទ្វារទាំងខ្លួនញ័រចំប្រប់ ហើយបាននិយាយថាថ្ងៃនេះជាថ្ងៃអង្សាបង ហើយ ពេលនោះនាងមិនបានចាប់អារម្មណ៍សម្តីគាត់ ដោយប្រឹងផ្ទៀងស្តាប់សម្លេងនៅខាងក្រៅ កំពុងតែស្តាប់ ស្រាប់តែលឺសូរសំឡេងកាំភ្លើងមួយគ្រាប់ ភ្លាមនោះនាងបានងាកទៅរកប្តី តែមិនឃើញ ខ្ញុំក៏ដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែឃើញប្តីដួលស្លាប់ឈាមជោគជាំក្នុងបន្ទប់ទឹកបាត់ទៅហើយ ដោយក្តីតក់ស្លុតនាងក៏បានដួលទៅលើដី ហើយប្រឹងលូនទៅបើកទ្វារឱ្យគេជួយ ក៏ឃើញសមត្ថកិច្ចសម្រុកចូលទៅមើលក្នុងបន្ទប់។

​    នាងពិតជាមិនដែលដឹងសោះថា ប្តីជាចោរ ហើយក៏មិនដែលដឹងថាគាត់មានកាំភ្លើងដែរ នេះបើដឹងម្ល៉េះនាងហាមគាត់មិនឱ្យជ្រុលខ្លួនធ្វើរឿងទុច្ចរិតអញ្ចឹងទេ ហើយនាងក៏មិនក្លាយជាស្រីមេម៉ាយដូច្នេះដែរ។ ម្យ៉ាងខ្លួនជាស្រីម៉្យាងកូននៅក្មេងខ្ចីសុទ្ធតែស្រីដល់ទៅ៣នាក់ ម៉្យាងជំពាក់បំណុលគេ។

    ក្រោយទទួលបានព័ត៌មានពិតដ៏សង្វែកចិត្តនោះភ្លាម លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តអាណិតអាសូរ ក៏បានជួយឧបត្ថម្ភថវិកា ៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេសទឹកក្រូច២កេស ទឺកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ជូនដល់ស្ត្រីខាងលើដោះស្រាយការលំបាក​៕

adverise with khmeread

មតិយោបល់