14054022 1840735006137915 6930713111316751112 n

ទ្រព្យសំណាង! ប៉ូលិសប្រគល់ឱ្យស្រ្ដីជនជាតិជប៉ុនវិញ ក្រោយបាត់ប្រហែល១០ថ្ងៃ

    សៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការ ប្រគល់ ម៉ូតូចំនួន០១គ្រឿង ជូនជនរងគ្រោះវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦​ បន្ទាប់ពីបាត់កាលពីវេលាម៉ោង៣ និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

    បន្ទាប់ពីជនរងគ្រោះ ឈ្មោះ YUKA TANAKA ភេទស្រី អាយុ២៨ ជាជនជាតិជប៉ុន មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹង ករណីបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាក់ ហ្វីណូ (FINO) ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1J-5333 កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

    ដោយជនរងគ្រោះ ចូលដេកក្នុងផ្ទះ ចតម៉ូតូទុកនៅខាងមុខផ្ទះ ដោយមិនបានចាក់សោកម៉ូតូ នឹងមិនបានចាក់សោ បិទរបង ទ្វារខាងមុខផ្ទះ។

    លោកអធិការរងទទួលបន្ទុកនគរបាលយុត្តិធម៍ ដោយបានទទួលការឯកភាពពី លោក អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្នើរសុំកិច្ចសហប្រត្តិបត្តការណ៍ពីបណ្តារ លោកអធិការស្រុក ដែលមានព្រំប្រទល់នៅជំវិញក្រុងសៀមរាប តាមរយៈ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងកណ្តាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការស្វែងរក ម៉ូតូជូនជនរងគ្រោះ។

    លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយមានកិច្ចសហប្រត្តិបត្តការណ៍ល្អពីកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកក្រឡាញ់លោកបានទទួលសេចក្តីរាយការណ៍ថាមានជនមិនស្គាល់អត្តសញ្ញាណ បានយកម៉ូតូ០១គ្រឿង ទៅចតទុកចោលនៅចំនុចផ្សារក្នុងភូមិសាស្ត្រស្រុកក្រឡាញ់។​ 

    បន្ទាប់ពីបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសាររបស់ជនរងគ្រោះនិងម៉ូតូ ដែលនគរបាលស្រុកក្រឡាញ់រកឃើញ បានបញ្ជាក់ថាជាម៉ូតូរបស់ជនរងគ្រោះខាងលើ លោកអធិការនៃអធិការដ្ឋានស្រុក្រឡាញ់ បានបញ្ជូនម៉ូតូខាងលើនេះមកអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញដើម្បីធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់