គុជខ្យងយក្សនេះអាចធំជាងគេក្នុងពិភពលោក និងមានទំហំធំជាង ៥ ដងនៃគុជខ្យងជាប់កំណត់ត្រាមុនៗ បន្ទាប់ពីអ្នកនេសាទម្នាក់បានរកឃើញវាកាលពី ១០ ឆ្នាំមុន។ នេះបើតាមវេបសាយ Daily Mail កាលពីថ្ងៃទី ២២ សីហា។
អ្នកនេសាទសុំមិនបង្ហាញអត្តសញ្ញារបស់ខ្លួននេះបានរកឃើញគុជខ្យងទម្ងន់ ៣៤ គីឡូមានអាយុ ១០ ឆ្នាំនៅក្នុងបាតសមុទ្រនៅកោះ Palawan ប្រទេសហ្វីលីពីន។
បុរសម្នាក់នេះមិនបានដឹងថាគុជខ្យងនេះមានតម្លៃ ១០០ លានដល្លារនោះទេ ហើយគាត់បានរក្សាវាទុកជារបស់នាំសំណាងនៅក្រោមផ្ទះរបស់គាត់អស់ ១០ ឆ្នាំមកហើយ។
ប៉ុន្ដែបន្ទាប់ពីភ្លើងឆេះផ្ទះថ្មីៗនេះ គាត់បានបង្ខំចិត្តរើទៅស្នាក់នៅកន្លែងផ្សេង។ អ្នកនេសាទនេះបានយកគុជខ្យងនេះប្រគល់ឱ្យប៉ូលិសទេសចរណ៍នៅទីក្រុង Puerto Princesca ដោយពួកប៉ូលិសនោះជឿថាគុជខ្យងនេះត្រូវបានរកឃើញក្នុងខ្យងគ្រែងយក្សមួយ។
គុជខ្យងដែលមានទទឹង ០,៣០ ម៉ែត្រ និងប្រវែង ០,៦៧ ម៉ែត្រនេះមានទំហំធំជាងគុជខ្យងធំបំផុតសព្វថ្ងៃរបស់ពិភពលោកឈ្មោះថា Pearl of Allah ដែលមានទម្ងន់ ៦,៤ គីឡូក្រាមតម្លៃ ៣៥ លានដុល្លារ៕
ប្រភព៖ ដេលីមែល
