កន្លងទៅ ៥០ ឆ្នាំមកហើយដែលគំនូសជីវចល Jetsons ព្យាករណ៍ជាលើកដំបូងថា យើងអាចនឹងនាំគ្រួសារហោះហើលើអាកាសបាន។
ឥឡូវនេះក្រុមអ្នកជំនាញនិយាយថា យើងជិតធ្វើឱ្យក្តីសុបិនក្លាយជាការពិតហើយ។ ពួកគេបានទស្សន៍ទាយថា ឡានចេះហោះមានកៅអីពីរឈ្មោះថា Pal-V One Helicycle ទំនងជាធ្វើឱ្យសុបិននេះក្លាយជាការពិត។
ថ្មីៗនេះទស្សនាវដ្តី Maxim បានជ្រើសរើសក្រុមហ៊ុន PAL-V ថាជាក្រុមហ៊ុនដែលទំនងនឹងចែកចាយឡានចេះហោះ "ពិតប្រាកដ" មុនគេ។
លោក Robert Dingemanse នាយកប្រតិបត្តិក្រុមហ៊ុន PAL-V បាននិយាយថា "ពិតជាចាប់អារម្មណ៍ណាស់ដែលទស្សនាវដ្តីមួយជាមួយអ្នកអានជិត ៩ លាននាក់បានទទួលស្គាល់ស្នាដៃដែលយើងបានធ្វើដើម្បីបង្កើតរថយន្តចេះហោះ ដែលស្របទៅតាមច្បាប់ដែលមានស្រាប់ និង មានសុវត្ថិភាពក្នុងការហោះហើរ"។
លោកសន្យានាំមកនូវ "អ្វីដែលថ្មីទំនើបមកថែមទៀត" នៅច្រើនខែខាងមុខទៀតនេះ ខណៈដែលក្រុមហ៊ុនកំពុងចាប់ផ្តើមផលិតឡានហោះម៉ូដែល PAL-V។
ក្រុមហ៊ុននិយាយថា ឡានចេះហោះនេះមានល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានក្នុងកម្ពស់ ១,២ គីឡូម៉ែត្រ។
ឡានហោះតែ ៩០ គ្រឿងប៉ុណ្ណោះ នឹងត្រូវផលិតឡើង ក្នុងនោះ ២៥ គ្រឿងគឺសម្រាប់នាំចេញទៅអាមេរិក និងសល់ប៉ុន្មានទៀតទុកចែកចាយនៅអឺរ៉ុប៕
ប្រភព៖ ដេលីមែល
