Sam Allardyce បានបើកទ្វារសម្រាប់ John Terry ដើម្បីធ្វើការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសវិញ។
អ្នកចាត់ការថ្មីរបស់អង់គ្លេសរូបនេះ បានបង្ហាញឱ្យដឹងថាគាត់នឹងទាក់ទងទៅខ្សែការពារវ័យ ៣៥ឆ្នាំដែលជាអតីតប្រធានក្រុមតោកំណាច Terry ដើម្បីមើលថាតើនឹងត្រៀមខ្លួនរួចឬនៅដើម្បីវិលត្រឡប់មកវិញ។
វានឹងជាការវិលត្រឡប់ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលបន្ទាប់ពីប្រធានក្រុមតោខៀវ Chelsea រូបនេះ បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីបួនឆ្នាំមុនកន្លងទៅ ក្នុងនៅក្នុងកាលៈទេសៈដ៏ជូរចត់។
Allardyce បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា "ខ្ញុំមិនដឹងថានយោបាយបាល់ទាត់មានន័យដូចម្តេចទេ ប្រសិនបើមានផ្នែកនយោបាយមួយនៅក្នុងនោះមែន"។
គាត់បានបន្តទៀតថា "ខ្ញុំនឹងមានការសន្ទនាមួយនោះ ប្រសិនខ្ញុំមានអារម្មណ៍ថា John Terry អាចជាលទ្ធភាពមួយ។ គាត់ប្រហែលជាអាចធ្វើបាន។ ខ្ញុំគិតថាវាអាស្រ័យទៅលើអ្វីដែល Terry និយាយ។ ប្រហែលប្រសិនបើខ្ញុំទទួលយកឱកាសនេះ ខ្ញុំប្រហែលជាត្រូវតេទៅគាត់។ ប៉ុន្តែរហូតដល់ខ្ញុំឈានទៅដល់ការជ្រើសរើសមួយនោះ ឬដំណើរការមួយនោះ យើងនឹងរង់ចាំមើលលទ្ធផល"៕
