adverise with khmeread Unnamed %282%29

សម្រាំងបានម្ចាស់ជ័យលាភីកីឡាប្រណាំងសេះ និងម៉ូតូហោះពានរង្វាន់ SCT Sport Complex ប្រចាំខែសីហា

    ព្រឹត្តិការណ៍កីឡាប្រណាំងសេះ និងប្រណាំងម៉ូតូហោះ ដណ្តើមពានរង្វាន់ SCT Sport Complex របស់ ក្រុមហ៊ុន 7NG ប្រចាំខែសីហា​ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រាំងបានម្ចាស់ជ័យលាភីលើប្រភេទ កីឡាទាំងពីររួចហើយនោះ។

    ​សម្រាប់ប្រភេទកីឡាប្រណាំងសេះ នៅក្នុងខែនីមួយៗ ដោយគណៈកម្មការបច្ចេកទេសស្វែងរកសេះ ខ្លាំងៗ ដើម្បីត្រៀមទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នា​ខែធ្នូ ឆ្នាំ២០១៦ ដែលម្ចាស់​ក្រុមហ៊ុន 7NG លោក ស្រី ចន្ធូ បាន​ត្រៀម​ប្រាក់រង្វាន់​ចំនួន១៥.០០០ ដុល្លារ សម្រាប់​ជ័យ​លាភី។

    ចំពោះជ័យលាភី ក្រុម E ចំណាត់ថ្នាក់លេខ១ បានទៅលើសេះ​ឈ្មោះ​អាក្រញូង ប្រណាំងលើចម្ងាយផ្លូវ ១២០០ ម៉ែត្រ។ លេខ២ បានទៅលើសេះ​ឈ្មោះ អាពពក ខណៈ​សេះ​ឈ្មោះ​អាប្លេក ​ទទួលបាន​ចំណាត់​ថ្នាក់​លេខ៣។ ក្រុម ​D សេះ​ឈ្មោះ​អាផ្កាយ ជាប់ចំណាត់ថ្នាក់​លេខ១ ហើយសេះ​ឈ្មោះ​ខូប៊យ ជាប់​លេខ ២ រីឯ​សេះ​ឈ្មោះ​អារ៉េ ជាប់​ចំណាត់​ថ្នាក់​លេខ៣។

    ជ័យលាភីកីឡាប្រណាំង​ម៉ូតូ​ហោះ Class A លេខ​១ បាន​ទៅ​កីឡាករ ជា លីឃាង, លេខ​២ ប៊ុន ឃាង និង​លេខ​៣ កីឡាករ វ៉ាន់ លោត។ Class B លេខ​១ កីឡាករ ពេជ្រ គឹមស្រ៊ុន, លេខ​២ វែន អង្គរ និង​លេខ​៣ សុខ កាន ខណៈ Class C ចំណាត់ថ្នាក់លេខ​១ បានទៅលើកីឡាករ ផា ឌែនជី, លេខ​២ សំណាង វីរៈ និងចំណាត់ ថ្នាក់​លេខ​៣ បានទៅលើកីឡាករ ផា សុខលី។ នៅក្នុងខែសីហានេះ ក៏មានការប្រកួតកីឡាបាល់ដែរ ប៉ុន្តែជាការជួបប្រកួតមិត្តភាពកម្តៅសាច់ដុំ ប៉ុណ្ណោះ។ ក្រុមហ៊ុន 7NG បានប្រគល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តជូនដល់ កីឡាករជ័យលាភីលើវិញ្ញាសាទាំងអស់តាមកម្រិតចំណាត់ថ្នាក់នីមួយៗ។

    លោក ស្រី ចន្ធូ ​ម្ចាស់ទីលាន SCT Sport Complex និងជាប្រធានក្រុមហ៊ុន 7NG បានឱ្យដឹង ថា ​គោលបំណងនៃការបង្កើតព្រឹត្តិការណ៍កីឡាទាំងអស់នេះឡើង គឺ​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាឱ្យកាន់តែប្រសើរ បន្ថែមទៀតជាពិសេសគឺនាពេលខាងមុខម្ចាស់ទីលានរូបនេះនឹងបង្កើនការប្រកួតលើប្រភេទកីឡានានា ជាច្រើនទៀតដើម្បីពង្រឹងនិងពង្រីកថ្នាលយុវជនឱ្យមានមូលដ្ឋានគ្រឹះក្នុងវិស័យកីឡាកាន់តែសម្បូរបែប ប្រយោជន៍ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធជំនាញនានា ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនោះ៕


 

adverise with khmeread

មតិយោបល់