វីដេអូរបស់ CCTV បានពីសាឡាងមួយនៅច្រកសមុទ្រ Kerch ដែលឆ្លងកាត់ពីប្រទេសរុស្ស៊ីឆ្ពោះទៅតំបន់គ្រីមេ បានបង្ហាញពីការចល័តសម្ភារៈសឹកគ្រប់ប្រភេទ។ នេះបើតាមវេបសាយ Daily Star កាលពីថ្ងៃទី ២២ សីហា។
រថយន្តដឹកគ្រាប់ និងទាហានត្រូវបានគេប្រទះឃើញប្រមូលផ្តុំគ្នាណែនណាន់តាន់តាប់នៅច្រកសមុទ្រដែលទុកសម្រាប់តែប្រើប្រាស់ផ្នែកស៊ីវិល។
វីដេអូនេះត្រូវបានបញ្ចេញចំពេលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនជាមួយការព្រួយបារម្ភថា លោកពូទីនអាចនឹងត្រៀមចាប់ផ្ដើមវាយលុកអតីតរដ្ឋសូវៀតមួយនេះ។
ប្រធានាធីបតីអ៊ុយក្រែនលោក Petro Poroshenkod បានព្រមានថា "គាត់ (ពូទីន) នឹងមិនអាចដកចេញលទ្ធភាពវាយលុកនៅតាមព្រំដែនជាប់អ៊ុយក្រែនឡើយ"។
កាលពីថ្មីៗនេះវេបសាយ Daily Star ក៏បានបង្ហាញវីដេអូមួយអំពីការដឹកជញ្ចូនរថក្រោះនៅលើរថភ្លើងឆ្ពោះទៅតំបន់គ្រីមេផងដែរ។
ឧត្តមសេនីយ៍អ៊ុយក្រែនក៏បានព្រមានផងដែរថា រុស្ស៊ីមានទ័ព ៤ ម៉ឺននាក់នៅតាមព្រំដែន ហើយពួកគេ (អ៊ុយគ្រែន) បារម្ភថាអាចនឹងមានការវាយប្រហារណាមួយកើតឡើងគ្រប់វិនាទី។
ការព្រួយបារម្ភអំពីការវាយលុកគឺមានកម្រិតខ្ពស់មិនធ្លាប់មាន បន្ទាប់ពីពូទីន ចោទប្រកាន់អ៊ុយក្រែនជ្រើសយក "យុទ្ធវិធីភេរវកម្ម" បន្ទាប់ពីភ្នាក់ងារស៊ើបការសម្ងាត់របស់រុស្ស៊ីរកឃើញថាមានផែនការធ្វើភេរវកម្មគាំទ្រដោយរដ្ឋាភិបាលក្រុងគៀវនៅតំបន់គ្រីមេ។
លោក Mikhail Samus នាយករងសម្រាប់កិច្ចការអន្តរជាតិមានមូលដ្ឋាននៅមជ្ឈមណ្ឌល Centre for Army ក្រុងគៀវ បាននិយាយថា "យើងឃើញវាជាការគំរាមកំហែងពិតប្រាកដមួយ។ ពូទីនកំពុងគ្រប់គ្រងស្ថានការណ៍ ហើយធ្វើឱ្យស្ថានការណ៍នេះកាន់តែគ្រោះថ្នាក់ខ្លាំងឡើង"។
មេយោធាកំពូលរបស់រុស្ស៊ីនៅក្រសួងការពារជាតិបាននិយាយថា សមយុទ្ធដែលកំពុងធ្វើឡើងសព្វថ្ងៃនេះគឺជាផ្នែកមួយនៃសមយុទ្ធពង្រឹងសមត្ថភាពកងទ័ពដែលធ្វើឡើងជាទម្លាប់ទៅហើយ។
ពួកគេនិយាយថាទ័ព ២.៥០០ នាក់ និងរថយន្ត ៣៥០ គ្រឿងបាននាំទៅតំបន់គ្រីមេ។ តំបន់គ្រីមេត្រូវបានរុស្ស៊ីកាន់កាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕
ប្រភព៖ ដេលីស្ដា
