Antonio Valencia បានបំពេញការងារបានយ៉ាងល្អសម្រាប់បិសាចក្រហម Manchester United នៅឯតំបន់ខ្សែការពារស្លាបស្តាំ។
ខ្សែបម្រើប្រយុទ្ធស្លាបអន្តរជាតិអេក្វាទ័ររូបនេះ ត្រូវបានគេបំលែងតួនាទីទៅជាខ្សែការពារម្នាក់ អំឡុងការកាន់កាប់ដ៏ចម្លែករបស់ Louis van Gaal នៃសម័យកាល "ពហុទីតាំង" កីឡាកររបស់គាត់។ ហើយខណៈដែលទម្រង់របស់ Valencia នៅឯតំបន់ការពារខាងស្តាំមានភាពល្អប្រសើរឆ្ងាយជាងតំបន់ការពារខាងឆ្វេងរបស់ Ashley Young នៅក្នុងកែវភ្នែកនៃប្រិយមិត្តបិសាចក្រហម "Tony V" (Antonio Valencia) គឺនៅតែជាខ្សែបម្រើប្រយុទ្ធស្លាបដដែល។
ប៉ុន្តែទន្ទឹមនឹងនេះការវិភាគឯករាជ្យរបស់ Ander Herrera បានធ្វើឱ្យមិត្តរួមក្រុមរបស់គាត់ភ្ញាក់ផ្អើលមិនស្ទើរនោះឡើយ។
Herrera បានបញ្ជាក់ទៅកាន់ទូរទស្សន៍ MUTV ថា "ខ្ញុំស្គាល់ Antonio ហើយខ្ញុំតែងតែបានចូលចិត្តនូវរបៀបដែលគាត់លេង។ ខ្ញុំដឹងថាគាត់មិនមែនជាខ្សែការពារស្លាបស្តាំធម្មតាឡើយ ដោយសារតែគាត់មាននាមជាខ្សែបម្រើប្រយុទ្ធស្លាប ប៉ុន្តែខ្ញុំគិតថា បច្ចុប្បន្ននេះ គាត់គឺជាខ្សែការពារស្លាបស្តាំល្អជាងគេបំផុតក្នុងពិភពលោក ប្រហែលល្អដូច Dani Alves ដោយសារតែខ្ញុំចូលចិត្ត Dani Alves។ ខ្ញុំគិតថា Antonio គឺជាខ្សែការពារស្លាបស្តាំដ៏ល្អបំផុតម្នាក់ក្នុងចំណោមខ្សែការពារស្លាបស្តាំដទៃទៀតក្នុងពិភពលោក"៕
