adverise with khmeread 14111826 1101011429985731 72870722 n

រថយន្ដឡិចស៊ីស RX300 បុកម៉ូតូ CBR បណ្ដាលឱ្យឪពុករងរបួសធ្ងន់ និងកូនរងរបួសស្រាល (មានវីដេអូ)

    ភ្នំពេញ៖ រថយន្ដឡិចស៊ីស RX300 មួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូCBR ពេញទំហឹងបណ្ដាលឱ្យបុរសជាឪពុករងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀតរងរបួសស្រាល ហើយរថយន្ដបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយដេញឃាត់ជាប់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរថយន្ដបានព្យាយាមបើកគេចខ្លួនរហូតមកដល់ ខាងលិចផ្សាធំថ្មី តាមបណ្ដោយផ្លូវលេខ៦៧ ទើបប្រជាពលរដ្ឋដេញតាមឃាត់ជាប់ តែតៃកុងរថយន្ដ បានចុះគេចខ្លួនបាត់ ដោយទុកតែរថយន្ដ និងអ្នករួមដំណើរម្នាក់នៅនឹងកន្លែង។

    តាមប្រភពពីជនរងគ្រោះត្រូវជាកូនដែលរងរបួសស្រាល បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេ និងឪពុកជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-6744 ជិះតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដ ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេ​ខ ភ្នំពេញ 2M-6924 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីកើតទៅលិចឆ្លងមហាវិថីព្រះនរោត្ដម ក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យឪពុករបស់គេបោកក្បាលជាមួយកញ្ចក់រថយន្ដរងរបួសធ្ងន់ ចំណែករូបគេផ្លោងឡើងលើដំបូលរថយន្ដ តែរងរបួសស្រាល។

    ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួចរថយន្ដមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្ថែមល្បឿនរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ជួយដេញចាប់រហូតមកដល់ខាងលិចផ្សាធំថ្មី ទើបឃាត់រថយន្ដបានតែតៃកុងរថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់ទៅហើយ នៅតែអ្នករួមដំណើរតែប៉ុណ្ណោះ។

    ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានភាគីតំណាងទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោងទើបត្រូវគ្នាដោយភាគីខាងរថយន្ដព្រមសងថ្លៃការខូចខាត និងព្យាបាលរបួសចំនួន១០០០$(មួយពាន់ដូល្លា)ដើម្បីបញ្ចប់រឿងតែម្ដង៕

 

adverise with khmeread

មតិយោបល់