កាលពីថ្ងៃអង្គារម្សិលមិញ ចិនបានបញ្ចេញរូបភាពយានអវកាសនិងយានសម្រាប់ធ្វើបេសកកម្មលើភពអង្គារដែលប្រទេសនេះមានគម្រោងបញ្ចូនវាទៅភពក្រហមនៅរយៈពេល ៥ ឆ្នាំខាងមុខទៀត។
លោក Zhang Rongqiao ប្រធានស្ថាបត្យករនៃគម្រោងបេសកកម្មភពអង្គារបាននិយាយនៅក្នុងសន្និសិទកាសែតនៅទីក្រុងបេកាំងថា ចិនមានគម្រោងបញ្ចូនយានអវកាសទៅក្នុងគន្លងភពអង្គារ ធ្វើការចុះចតនិងដាក់យានសម្រាប់ធ្វើបេសកកម្មនៅខែកក្កដាឬសីហា ឆ្នាំ ២០២០ ខាងមុខ។ គាត់បាននិយាយទៀតថា "ការប្រឈមដែលយើងនឹងជួបគឺមិនអាចដឹងមុនបានទេ"។
រូបភាពដែលបានបញ្ចេញកាលពីថ្ងៃអង្គារបង្ហាញអំពីឧបករណ៍មួយជាមួយកង់ចំនួន ៦ និងគាំទ្រថាមពលដោយបន្ទះសូឡាចំនួន ៤ ដែលនេះលើសពីយានដែលបញ្ចូនទៅឋានព្រះចន្ទដល់ទៅ ២ ផ្ទាំង។
មានទម្ងន់ជាង ២០០ គីឡូក្រាម យាននេះត្រូវបានរចនាឡើងដើម្បីធ្វើបេសកកម្មរយៈពេលបីខែ (ខែភពអង្គារ)។ នេះបើយោងតាមលោក Sun Zezhou ប្រធានរចនាយានអវកាស។
រីឯផ្នែករបស់យាននេះវិញ នឹងដឹកជញ្ជូនឧបករណ៍ចំនួន ១៣ គ្រឿងដែលមានដូចជាកាមេរ៉ាថតចម្ងាយឆ្ងាយមួយគ្រឿង និង ប្រព័ន្ធរ៉ាដាឆ្លុះទម្លុះដី ដែលអាចប្រើប្រាស់ដើម្បីសិក្សាអំពីដី បរិស្ថាន និងបរិយាកាសភពអង្គារ ព្រមទាំងទីវាលជាក់ស្តែងលើភពនេះ ការចែកចាយទឹកនិងទឹកកក និងស្រទាប់ខាងក្នុងរបស់វា៕
