adverise with khmeread 3

កីឡាករ​វាយ​កូន​ហ្គោល​ចូលរួម​ប្រជែង​ម្ចាស់​ជើងឯក​ពានរង្វាន់​មិត្តភាព Royal Salute រដូវ​កាល​ទី​១

​    ​ភ្នំពេញ​៖ កីឡាករ​ជាច្រើនរូប​បាន​ចូលរួម​ប្រកួតប្រជែង​ម្ចាស់​ជើងឯក​ពានរង្វាន់​មិត្តភាព Royal Salute រដូវ​កាល​ទី ១ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ​នៅ​ទីលាន City Golf ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​    ​ការប្រកួត​កីឡា​វាយ​កូន​ហ្គោល​មិត្តភាព ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Royal Salute បានធ្វើ​ឡើង​ទើបតែ​លើក​ទី ១ ប៉ុន្តែ​បាន​ទាក់ទាញ​កីឡាករ​បាន​ច្រើនជាង ៤០ រូប​ដើម្បី​ស្វែងរក​ម្ចាស់​លា​ភី​ប្រចាំ​រដូវ​កាល​នេះ​។​

​    ​លោក ម៉ុ​ន សុខ​ជា អគ្គលេខាធិការ​ក្លឹប CGA និង​ជា​គណៈកម្មការ​បច្ចេកទេស​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​មិត្តភាព​នេះ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមហ៊ុន Royal Salute សហការ​ជាមួយ​ទីលាន City Golf បង្កើតឱ្យមាន​ការប្រកួត​ឡើង​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​ដល់​សុខមាលភាព ដល់​អ្នក​ចូលចិត្ត​កីឡា​វាយ​កូន​ហ្គោល ជាពិសេស​គឺ​ចង់​បង្កើត​ផ្តល់ឱកាស​ដល់​កីឡាករ​នានា​បាន​រិត​ចំណងមិត្តភាព សាមគ្គីភាព​រវាង​កីឡាករ និង​កីឡាករ ដែល​ពួកគាត់​ទាំងអស់​សុទ្ធសឹងតែ​អ្នកជំនួញ​មិនសូវមាន​ពេល​សម្រាកលំហែ​ខួរក្បាល​។ ដូច្នោះ ការប្រកួត នេះ​នឹង​ជួយ​កាត់បន្ថយ​ភាព​ស្មុ​គ្រ​ស្មាញ​នៅក្នុង​សំពាធ​ការងារ​ឬ​មុខជំនាញ​របស់​ពួកគាត់​។

​    ​លោក​បន្ថែមថា ការប្រកួត​ពាន​មិនមែន​អាជីព​មួយ​នេះ មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​កីឡាករ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​បំផុស សកម្មភាព​កីឡាវាយកូនគោល​ឲ្យ​រីកចម្រើន​ផងដែរ​។​

​    ​បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ម៉ោង​នោះ គណៈកម្មការ​បច្ចេកទេស​បាន​សម្រាំង​បាន​ម្ចាស់​ជ័យលាភី ដោយ​ម្ចាស់​ជើងឯក​បាន​ទៅលើ​កីឡាករ ឡេង តុង ដែល​ធ្វើ​សម្រេច​ក្នុង​លទ្ធផល ពិន្ទុ​ដក ៣ (-3) ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​លោក ពៅ ម៉ាលី និង​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​កីឡាករ Ben Withrol ដែល​អ្នក​ទាំងពីរ​ធ្វើបាន​ក្នុង​ពិន្ទុ -១ ដូចគ្នា​។​

​    ​ម្ចាស់​ជ័យលាភី​ជើងឯក កីឡាករ ឡេង តុង បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​របស់ខ្លួន​ថា លោក​ពិតជា​រីករាយ​ជាខ្លាំង ដែល​នៅក្នុង​ការប្រកួត​លើក​នេះ លោក ធ្វើបាន​យ៉ាង​ល្អ ហើយ​បាន​ក្លាយជា​ជើងឯក​នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​មិត្តភាព រដូវ​កាល​ទី​១​នេះ ហើយ​នៅ​លើក ក្រោយ​លោក​នឹងចូលរួម​ប្រកួត និង​ប្តេជ្ញា​ធ្វើឱ្យ​បានល្អ​បន្ថែមទៀត ដើម្បី​រក្សា និង​បង្កើន​នូវ​សិទ្ធិ​ផល​របស់ខ្លួន​ផងដែរ​៕​

adverise with khmeread

មតិយោបល់