adverise with khmeread Unnamed %282%29

ឃាត់បុរសម្នាក់ជាមួយថ្នាំញៀនមួយកញ្ចប់ធំ

    កណ្តាល ៖ បុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានប៉ូលិសចាប់ខ្លួននាថ្ងៃទី២៣ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទី នៅចំណុច ភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ចាន់ ឈន (ឈុជ) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិលៀក ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកម្មករឡអិដ្ឋ។ វត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់ធំ,​ ទូរស័ព្ទដៃម៉ាកណូគាចុចពិល០១ ពណ៌ខ្មៅ,​ កាបូបដៃពណ៌សុកូឡា ០១, បារីម៉ាម៉ៃស៊ីវែន០១កញ្ចប់, កាតគ្រីម៉ូតូ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ០១សន្លឹក, កាបូបដាក់ខោអាវពណ៌ក្រហម១, ខោខ្លី០១ ខោជើងវែងប៉ារ៉ា០១និង-ថង់វេចខ្ចប់០១ចំនួន។

    ប៉ូលិសបន្តថា មុនពេលកើតហេតុវេលាម៉ោង៧ ជនសង្ស័យជិះម៉ូតូទៅទិញថ្នាំញៀនប្រភេទម៉ាទឹកកក០១កញ្ចប់ធំ នៅម្ដុំពេទ្យលោកសង្ឃមកលក់ឱ្យគេនៅផ្ទះឈ្មោះ ថន សោលីន ភេទប្រុសនៅភូមិកើតហេតុខាងលើ។

    ពេលនោះខ្លួនបានចុះពីលើម៉ូតូយកថ្នាំញៀនខាងលើ ទៅចែកក្នុងបន្ទប់ផ្ទះឈ្មោះ ថន សោលីន ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍អន្លង់រមៀត និងកម្លាំងជំនាញបានមកដល់ហើយ ក៏បានធ្វើការឃាតខ្លួនហើយឆែកឆេររកឃើញវត្ថុតាងដូចខាងលើ បញ្ជូនជនសង្ស័យមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់