adverise with khmeread 6 things terrible bosses

រឿង ៦ យ៉ាងដែលថៅកែអាក្រក់បានប្រព្រឹត្ត ដែលធ្វើឲ្យបុគ្គលិកមានទេពកោសល្យរត់ចោល

យោងតាមការសិក្សារបស់ Gallup អ្នកធ្វើការជាច្រើននាក់បានចាកចេញពីការងារដោយសារតែថៅកែអាក្រក់។ ក្នុងការសិក្សាដែលមានអ្នកចូលរួម ៧.២០០ នាក់នេះបានបង្ហាញថា ការកំណត់គោលដៅ និងការគ្រប់គ្រងអាទិភាពនានាគឺជាកត្តាសំខាន់បំផុតចំនួនពីរដើម្បីឲ្យបុគ្គលិកពេញចិត្តនឹងអ្នកគ្រប់គ្រងរបស់ពួកគេ។ 

វាច្បាស់ជារឿងគួរឲ្យអស់សំណើចនៅពេលអ្នកស្តាប់ពួកអ្នកគ្រប់គ្រងឬពួកថៅកែរអ៊ូថាបុគ្គលិកឆ្នើមរបស់ពួកគេបានចាកចេញអស់។ រឿងគឺថាយើងមិនបានចាកចេញពីការងាររបស់យើងទេ យើងចាកចេញពីចៅហ្វាយរបស់យើង។ គ្មានបុគ្គលិកណាម្នាក់ចង់ស្ថិតក្នុងបរិយាកាសអាប់អួរ និងតឹងតែង ដែលគ្មានឱកាសដើម្បីសម្រេចបានគោលដៅអាជីពរបស់ខ្លួននោះទេ។ វាសំខាន់ណាស់ដែលពួកថៅកែទាំងឡាយត្រូវដឹងពីតម្រូវការរបស់យើង និងបំពេញបំណងរបស់យើង។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលថៅកែបានធ្វើ ដែលធ្វើឲ្យពួកយើងចាកចេញ។ 

១- ពួកគេមិនជឿជាក់លើពួកយើង
យើងរស់នៅក្នុងពិភពលោកមួយ ដែលការជឿជាក់គឺជារឿងដែលខ្សត់បំផុត ប៉ុន្តែការជួលនរណាម្នាក់មកធ្វើការគឺមានន័យថាអ្នកមានជំនឿមួយចំនួនចំពោះសមត្ថភាពរបស់បុគ្គលម្នាក់នោះរួចទៅហើយ។ វាគ្មានហេតុផលអ្វីដែលពួកថៅកែត្រូវតែបង្ហាញមន្ទិលមកលើយើងគ្រប់ពេលនោះទេ។ នៅពេលថៅកែបន្តចោទសួរពីគ្រប់សកម្មភាព ឬរាល់ការសម្រេចចិត្តដែលយើងបានធ្វើឡើង យើងនឹងមានការខកចិត្ត។ យើងត្រូវការឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់យើង។  

២- ពួកគេមិនបានតបស្នងអ្វីចំពោះស្នាដៃល្អរបស់យើងទេ
យើងមិនដែលរំពឹងការឡើងតំណែងឆាប់ចំពោះការធ្វើឲ្យក្រុមហ៊ុនរីកចម្រើន និងសម្រេចបានគោលដៅជាច្រើនឲ្យក្រុមហ៊ុននោះទេ។ ទោះយ៉ាងណា​ វាក៏គ្មានអ្វីទាស់ខុសដែរ ដែលផ្តល់ឲ្យយើងនូវអ្វីមួយជាការតបស្នង។ គ្មាននរណាម្នាក់ ដែលមិនចូលចិត្តការលើកមេដៃសរសើរចំពោះការខំប្រឹងរបស់ពួកគេនោះទេ។ នៅពេលយើងខំប្រឹងយ៉ាងខ្លាំងក្លាដើម្បីធ្វើកិច្ចការឲ្យរួចតាមកាលកំណត់ និងសម្រេចបានគោលដៅជាច្រើន យើងគួរតែទទួលបានការតបស្នងចំពោះការបំពេញការងារបានល្អ។ យើងនឹងមិនចាកចេញពីក្រុមហ៊ុនទេ ប្រសិនបើយើងទទួលបានការតបស្នងលើកទឹកចិត្តចំពោះការប្រឹងប្រែងរបស់យើង។  

៣- ពួកគេមិនមានភាពស្មោះត្រង់
គ្រប់បុគ្គលិកទាំងអស់ឲ្យតម្លៃទៅលើការពិត​ និងភាពស្មោះត្រង់។ វាសំខាន់ណាស់ដែលពួកថៅកែត្រូវមានចរិកលក្ខណៈបែបនេះ។ គេពិតជាមិនអាចលើកលែងបានទេចំពោះអ្នកគ្រប់គ្រងដែលគ្មានភាពស្មោះត្រង់ និងពូកែកុហកបុគ្គលិក។ នៅពេលយើងចាប់បានថាចៅហ្វាយរបស់យើងជាមនុស្សកុហក យើងពិបាកនឹងជឿពីគោលជំហររបស់ក្រុមហ៊ុនណាស់។ យើងចង់ឲ្យថៅកែរបស់យើងមានសេចក្តីថ្លៃថ្នូរ និងចរិកលក្ខណៈហ្មត់ចត់រឹងប៉ឹង។ 

៤- ពួកគេជាមនុស្សពិបាក
តើយើងត្រូវបានគេផ្តល់ឱកាសឲ្យបញ្ចេញយោបល់ និងផ្តល់នូវគំនិតរបស់យើងដែរទេ? ថៅកែដែលទុកឲ្យបុគ្គលិកខ្លួនចាកចេញអាចមនុស្សដែលយល់ថាខ្លួនដឹងអ្វីៗគ្រប់យ៉ាង ដែលប្រការនេះបានបំភ័យពួកយើង និងធ្វើឲ្យគំនិតអស្ចារ្យរបស់ពួកយើងរត់ចេញទៅឆ្ងាយអស់។ មិនមែនតែថៅកែទេដែលមានគំនិតល្អៗ យើងក៏មានគំនិតល្អមិនចាញ់ពួកគាត់ដែរ។ គាត់គួរព្យាយាមធ្វើយ៉ាងណាឲ្យពួកយើងបញ្ចេញគំនិតជាជាងឲ្យពួកយើងនៅស្ងៀមក្រោមអំណាចរបស់គាត់។ 

៥- ពួកគេប្រើយើងធ្វើការច្រើន
យោងតាមការសិក្សាមួយ បុគ្គលិកដែលធ្វើការច្រើនជាង ៥០ ម៉ោងបានថយចុះផលិតភាពរបស់ពួកគេ។ គ្មានបុគ្គលិករូបណាចង់ធ្វើការរហូតដល់ឆេះខួរនោះឡើយ។ ជាជាងព្យាយាមធ្វើឲ្យយើងអស់ខ្យល់តាមរយៈការដាក់ការងារច្រើនឲ្យធ្វើ ពួកថៅកែគួរតែឲ្យតម្លៃលើការខំប្រឹងរបស់យើងជាមួយនឹងឋានៈល្អប្រសើរមួយសម្រាប់ការខំប្រឹងធ្វើការរបស់យើង។ ទោះបីជាយើងមានទេពកោសល្យ និងប៉ិនប្រសព្វខាងការងាររបស់យើងក៏ដោយ ក៏យើងមិនអាចផលិតការងារបានល្អនោះដែរ នៅពេលខួរក្បាលឆេះបាត់ទៅហើយនោះ។ ការបន្ថែមការងារឲ្យយើងធ្វើក៏មានន័យថា ចៅហ្វាយៗក៏ត្រូវមានឆន្ទៈផ្តល់ឋានៈល្អប្រសើរ ប្រាក់ខែខ្ពស់ជាងមុន និង បរិយាកាសធ្វើការល្អប្រសើរជាងមុនដល់យើងផងដែរ។ ប្រសិនបើពួកគេចង់ប្រើយើងដូចទាសកដោយគ្មានអ្វីតបស្នងវិញទេ អ៊ីចឹងការដើរចេញពីក្រុមហ៊ុនគឺជារឿងល្អប្រសើរបំផុត។ 

៦- ពួកគេជួល និងដំឡើងតំណែងដល់មនុស្សខុស
គ្មានអ្វីអាក្រក់ជាងការដែលបុគ្គលិកមានទេពកោសល្យធ្វើការក្រោមបង្គាប់មនុស្សល្ងង់នោះទេ។ អ្នកមិនអាចទាញយកអត្ថប្រយោជន៍ចេញឲ្យអស់ពីស្ថាប័នមួយដែលមានរចនាសម្ព័ន្ធធ្វើការខ្សោយនោះឡើយ។ ដើម្បីឲ្យបុគ្គលិកឆ្នើមបន្តនៅក្រុមហ៊ុន ថៅកែៗត្រូវតែរៀនជ្រើសរើសមនុស្សឲ្យត្រូវ ដាក់ចំកន្លែងដែលត្រូវ។ នៅពេលជ្រើសរើសមនុស្សខុសឲ្យឡើងតំណែងជំនួសឲ្យអ្នកមានទេពកោសល្យ ចៅហ្វាយៗដូចកំពុងបង្កើតបរិយាកាសមួយសម្រាប់ឲ្យបុគ្គលិកឆ្នើមដើរចេញពីក្រុមហ៊ុនអ៊ីចឹង៕ 

adverise with khmeread

មតិយោបល់