adverise with khmeread 1

ជនល្មើសមានសតិមិនប្រក្រតីកាប់អ្នកម៉ូតូឌុបពីរពូថៅរយះក្បាលហូរឈាមឈុល

    កណ្តាល ៖ បុរសវ័យ៥៣ឆ្នាំត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សា ដោយចេតនាកាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ម៉ោង០៧ និង៣៥នាទីនៅចំណុចក្នុងចម្ការស្វាយ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យិន ហ៊ន់ ភេទប្រុស អាយុ៣៤ឆ្នាំមានស្រុកកំណើត ឃុំមោងរាវ ស្រុកត្បូងឃ្មុំ កំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបររត់ម៉ូតូឌុប។

    ចំណែកជនល្មើសឈ្មោះ ឈាន ឆុន ភេទប្រុស អាយុ៥៣ឆ្នាំទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល  មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងដកហូតពូថៅ០១ ដងឈើប្រវែង៤០សង្ទីម៉ែត្រ។

    ប៉ូលិសបន្តថា នៅមុនពេលកើតហេតុម៉ោងប្រហែល០៧ និង២០នាទី ជនល្មើសបានហៅជនរងគ្រោះ ឱ្យឌុបខ្លួនពីមុខវត្តព្រែកហូរទៅក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយឱ្យតម្លៃ៣.០០០៛។ ពេលដល់គោលដៅជនល្មើសមិនចុះទេ ឱ្យបន្តទៅស្ពានដែក ជាប់ព្រំប្រទល់ព្រែកហូរ តែជនល្មើសនៅតែមិនព្រមចុះទៀត។ ដោយឱ្យបន្តដំណើរមកផ្លូវ៦០ម៉ែត្រវិញដោយប្រាប់ជនរងគ្រោះថា ទៅចម្ការស្វាយរបស់គាត់។

    លុះទៅដល់ចំណុចចំការស្វាយ ជនល្មើសបានសួរជនរងគ្រោះម្តងទៀតថា យកថ្លៃប៉ុន្មាន គាត់ក៏ប្រាប់ថា ៣.០០០៛។ ពេលនោះជនល្មើសបានដើរ ជុំវិញម៉ូតូហើយបានយកដៃស៊កក្នុងអាវ ហើយទាញពូថៅពីក្នុងអាវ កាប់ទៅលើក្បាលជនរងគ្រោះ ពីក្រោយ០២ពូថៅបណ្តាល ឱ្យរងបួសរយះក្បាលផ្នែកខាងក្រោយហូរឈាម។

    ភ្លាមនោះ ជនរងគ្រោះបានរត់ចោលម៉ូតូស្រែកឱ្យគេជួយតែមិនមានអ្នកជួយទេជនរងគ្រោះ ក៏ត្រឡប់មកវិញយកបាន មែកស្វាយវាយដៃជនល្មើស ដែលកាន់ពូថៅ ធ្លាក់ពូថៅពីដៃ ហើយបានរើសយកពូថៅជិះម៉ូតូមកប្តឹងសមត្ថកិច្ច។

    ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំង បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនល្មើសនៅចំណុចកើតហេតុរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។

    នៅចំពោះមុខសមត្ថកិច្ច ជនល្មើសនិយាយមិនដឹងខុសត្រូវឡើយ(មានសតិមិនប្រក្រតី)
ដោយបានឆ្លើយថា៖ បានជាគាត់កាប់ទៅលើជនរងគ្រោះ ដោយសារតែជនរងគ្រោះបានសម្លាប់ឪពុកម្តាយខ្លួនតាំងពី៣០ឆ្នាំមុន នៅឯខេត្តស្វាយរៀង។

    តែតាមការពិតឪពុកម្តាយគាត់នៅរស់នៅឡើយ នៅភូមិព្រែកហូរកើតជាមួយជនល្មើសដែរ ហើយក៏ពុំធ្លាប់មានរឿងអ្វីជាមួយជនរងគ្រោះពីមុនមកដែរ។


   
    តាមការសាកសួរក្រុមគ្រួសាររបស់ជនល្មើសបានបំភ្លឺប្រាប់សមត្ថកិច្ចថាពីមុនមកជនល្មើស ជាមនុស្សផឹកស្រាជាប្រចាំតែមិនដែលមានបញ្ហាអ្វីទេ ទើបតែប្រហែល១ខែនេះទេដែលជនល្មើសមានសតិមិនប្រក្រតី ចេះតែជេរគេឯងនៅក្នុងផ្ទះ និយាយតែម្នាក់ឯង ជុះអាចម៌ដាក់ខោ និងពេលខ្លះដើរស្រាតទៀតផង ហើយត្រូវបានក្រុមគ្រួសារចាក់សោឱ្យនៅតែក្នុងផ្ទះ។

    លុះដល់ថ្ងៃកើតហេតុត្រូវបានជនល្មើសលួចកាត់សោទ្វារ រត់ចេញពីផ្ទះ ក៏មានករណីកើតឡើងដូចខាងលើតែម្តង បច្ចុប្បន្នត្រូវប៉ូលិសឃាត់ខ្លួនចាត់ការបន្ត៕

adverise with khmeread

មតិយោបល់