adverise with khmeread 1

ប្រាសាទ​ល្បីល្បាញ​បំផុត​របស់​មី​យ៉ាន់​ម៉ា ដែល​គេ​ចាត់ទុកថា​ល្បី​ប្រហែល​អង្គរវត្ត រង​ការបំផ្លាញ​ដោយសារ​រញ្ជួយ​ដី​

​    ​ក្រុមមន្ត្រី​និយាយថា រញ្ជួយ​ដី ៦,៨ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​មី​យ៉ាន់​ម៉ា​ភាគ​កណ្តាល​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៤ សីហា​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៣ នាក់ និង​បំផ្លាញ​វត្ត​ប្រាសាទ​ជាច្រើន​នៅក្នុង​ទីក្រុង​បុរាណ Bagan​។

​    ​រញ្ជួយ​ដី ដែល​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​អាមេរិក​និយាយថា​វាយប្រហារ​នៅ​ជម្រៅ ៨៤ គីឡូម៉ែត្រ ក៏​ញ័រ​ដល់​ថៃ ឥណ្ឌា និង​បង់​ក្លា​ដែ​ស​ផងដែរ ដោយ​ធ្វើឱ្យ​អ្នកស្រុក​នាំគ្នា​ប្រញាប់​រត់ចេញ​មកឈរ​តាមផ្លូវ​ដើម្បី​សុវត្ថិភាព​។

​    ​មន្ត្រី​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​មកពី​ទីក្រុង Magway ក្នុង​តំបន់​នេះ​បាន​និយាយថា ក្មេងស្រី​ពីរ​នាក់​បាន​ស្លាប់ នៅពេល​បាក់​ច្រាំងទន្លេ​ក្នុង​ទីប្រជុំជន Yenanchaung ភាគខាងត្បូង​តំបន់ Chauk​។​

​    ​បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត​រងរបួស នៅពេល​រោងចក្រ​កែច្នៃ​ថ្នាំជក់​ដួលរលំ​ក្នុង​ទីក្រុង Pakkoku ភាគ​ខាងជើង​ប្រទេស​។

​    ​មន្ត្រី​ក្នុង​តំបន់​ម្នាក់​និយាយថា មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ​ជាច្រើន​ក្នុង​ទីក្រុង​បុរាណ Bagan ជាទី​តាំង​បុរាណវត្ថុ​ល្បីល្បាញ​បំផុត​របស់​មី​យ៉ាន់​ម៉ា និង​ជា​គោលដៅ​ទេសចរណ៍​សំខាន់បំផុត ស្ថិតនៅ ៣០ គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​តំបន់​រញ្ជួយ (Chauk)​។

​    ​លោក Aung Kyaw នាយក​នៃ​នាយកដ្ឋាន​វប្បធម៌​នៃ​ទីក្រុង Bagan បាន​និយាយថា "​ប្រាសាទ​ប្រហែល ៦០ ក្នុង​ទីក្រុង Bagan បាន​រង​ការបំផ្លាញ​។ ប្រាសាទ​មួយចំនួន​បាន​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​"​។​

​    ​គួរ​បញ្ជាក់ថា ទីក្រុង​បុរាណ Bagan មាន​វត្ត​ប្រាសាទ​សង់​នា​ចន្លោះ​សតវត្សរ៍​ទី ១១ និង ១៣ ដល់​ទៅ​ជាង ២.២០០ ប្រាសាទ​ឯណោះ​។ ហើយ​ទីក្រុង​នេះ​ត្រូវបាន​ចាត់ទុកជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដូច​អង្គរវត្ត​ដូច្នោះ​ដែរ​៕

ប្រភព៖ channelnewsasia

adverise with khmeread

មតិយោបល់