adverise with khmeread Untitled 1

កសិករ​ម្នាក់​បាត់​នាឡិកា តាមរក​មិន​ខ្វល់​ពីអ្វី​ទាំងអស់ រហូត​ពឹង​ក្មេងៗ​ឱ្យជួយ​រក ចុងក្រោយ​ភ្ញាក់ផ្អើល​ចំពោះ​ក្មេងប្រុស​ម្នាក់​

    ​នៅ​ថ្ងៃមួយ កសិករ​ម្នាក់​បានធ្វើឱ្យ​បាត់​នាឡិកា​ដ៏​មានតម្លៃ​បំផុត​ចំពោះ​គាត់​ដែលមាន​តែមួយ​គ្មាន​ពីរ​នៅឯ​ជង្រុក​ស្រូវ​មួយ​។​

​    ​បន្ទាប់ពី​ចំណាយពេល​ស្វែងរក​នៅក្នុង​ចំបើង​លើ​ក្រោម​អស់​រយៈពេល​ដ៏​យូរ​រួចមក គាត់​ក៏បាន​ចុះចាញ់​ហើយក៏​សម្រេចចិត្ត​ស្វែងរក​ជំនួយ​ពី​ក្មេងៗ​មួយក្រុម​ដែល​កំពុង​លេង​នៅក្រៅ​ជង្រុក​ដាក់​ស្រូវ​។​

​    ​គាត់​បាន​សន្យា​ពួកគេ​ថា ប្រសិនបើ​នរណាម្នាក់​រកឃើញ​នាឡិកា​គាត់ គាត់​នឹង​ជូន​រង្វាន់​ដល់​អ្នកនោះ​។​

​    ​ដោយ​ឮដូច្នេះ ក្មេងៗ​ក៏​ប្រញាប់​ចូលទៅក្នុង​ជង្រុក​និង​ស្វែងរក​គ្រប់ទិសទី ប៉ុន្តែ​នៅតែ​មិនអាច​រកឃើញ​នាឡិកា​។ នៅពេល​កសិករ​រូបនោះ​ជិត​នឹង​កាត់​ចិត្តនឹង​នាឡិកា​នោះ​ទៅហើយ ស្រាប់តែ​ក្មេងប្រុស​ម្នាក់​បាន​ដើរមក​ជិត​គាត់​និង​សុំ​ឱកាស​មួយលើកទៀត​។​

​    ​កសិករ​រូប​នោះបាន​សម្លឹង​ទៅ​ក្មេង​ម្នាក់​នោះ ហើយ​គិតក្នុងចិត្ត​ថា "​ហេតុអ្វី​មិន​ទុក​ឱកាស​ឱ្យ​ក្មេង​នោះ​? បន្ទាប់មក ក្មេង​នោះ​មើលទៅ​មាន​ទឹកចិត្ត​ចង់​រកឱ្យឃើញ​ណាស់​"​។​

​    ​បន្ទាប់មក កសិករ​រូបនោះ​បាន​ប្រាប់​ឱ្យ​ក្មេង​តូច​ម្នាក់នេះ​ត្រឡប់​ទៅ​ជង្រុក​ស្រូវ​ដើម្បី​រក​នាឡិកា​។ ក្រោយ​ចំណាយពេល​ដ៏​យូរ​រួចមក ក្មេងប្រុស​រូបនេះ​បានចេញ​ពី​ជង្រុក​ស្រូវ​ជាមួយនឹង​នាឡិកា​នៅ​ដៃ​របស់គេ​។ កសិករ​រូបនោះ​ពិតជា​សប្បាយចិត្ត និង​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​គាត់​ក៏បាន​សួរ​ក្មេង​នេះ​ថា​តើ​ហេតុអ្វី​បានជា រូបគេ​អាច​រកឃើញ​នាឡិកា​នៅពេល​អ្នកដទៃ​ទៀត​រក​មិនឃើញ​។​

​    ​ក្មេងប្រុស​ម្នាក់នេះ​បាន​ឆ្លើយតប​ថា "​ខ្ញុំ​គ្មាន​បា​នរក​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​អង្គុយ​នៅលើ​ដី​ហើយ​ផ្ទៀងត្រចៀក​ស្តាប់​សំឡេង​នាឡិកា​។ នៅក្នុង​ទីកន្លែង​ស្ងប់ស្ងាត់​នោះ ខ្ញុំ​ក៏បាន​ឮ​សំឡេង​ទ្រនិចនាឡិកា​លោត​ត្រឹកៗ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​ស្វែងរក​នៅ​ទិសដៅ​របស់​សំឡេង​នោះ​ទៅ​"​។​

​    ​មតិ​ចុងក្រោយ​៖ 

​    ​ចិត្តស្ងប់​អាច​គិត​បាន​ប្រសើរ​ជាង​ចិត្ត​ដែល​វីវក់​។ សូម​ទុកពេល​ឱ្យ​ចិត្ត​របស់​អ្នក​ស្ងប់​បួន​ប្រាំ​នាទី​រាល់ថ្ងៃ ហើយ​រង់ចាំ​មើលថា​តើ​អ្នកនឹង​អាច​រកឃើញ​វិធី​អ្វីខ្លះ​ដើម្បី​ជួយ​ជីវិត​ឱ្យ​រឹតតែ​ល្អប្រសើរ​ជាង​សព្វថ្ងៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់