adverise with khmeread Unnamed %284%29

ចូលក្នុងវិហារចាមបម្រុងលួចត្រូវអ្នកនៅខាងក្នុងឃើញតាមកាមេរ៉ាសុវសុត្តិភាពចាប់វាយទ្រមខ្លួន(មានវីដេអូ)

    ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ បានចូលក្នុងវិហារចាមធ្វើសកម្មភាពរុះរើកាបូបបម្រុងលួចទ្រព្យ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមេរ៉ាសុវត្តិភាព ស្រែកផ្អើលឆោឡោចាប់វាយទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច។

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវិហារចាមខាងក្រោយសណ្ឋាគារ ភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជនសង្ស័យទាំងពីរនាក់នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺ អ្នកនៅក្នុងវិហារចាមបាននាំគ្នាសូត្រធម៌ ដោយទុកកាបូប និងសម្ភារៈមួយចំនួននៅកន្លែងផ្សេង។

    ប្រភពបានបន្តថា ពេលដែលកំពុងសូត្រធម៌មានបុរសម្នាក់ ដែលគាត់មិនបានចូលរួមពិធីសូត្រធម៌ បានយកទូរស័ព្ទដៃមកឆែកមើលកាមេរ៉ាសុវត្តិភាព ស្រាប់តែឃើញជនសង្ស័យពីរនាក់ ដោយម្នាក់កំពុងរុះរើកាបូប និងម្នាក់ទៀតចាំមើលផ្លូវ។

    ពេលដែលឃើញដូច្នេះ ក៏ស្រែកផ្អើលឆោឡោ និងនាំគ្នាចាប់ព្រួតគ្នាវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។
     
    ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទើបធ្វើកំណត់ហេតុជាក្រោយ៕


 

adverise with khmeread

មតិយោបល់