adverise with khmeread Unnamed %281%29

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងកងអនុសេនាតូច អន្តរាគមន៍ពិសេស នៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង និងចាប់យកក្រាមពណ៌សថ្លា ចំនួន៥១កញ្ចប់តូចនៅចំណុចប្លុក រោងចក្រឆ្នាំង ផ្លូវ៦០៨ ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល២១ និង២៥នាទី។

    បូលិសនិយាយថា ជនសង្ស័យឈ្មោះ ថា គន្ធា ហៅធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្តស្នាក់នៅបណ្ដោះអាសន្នក្នុងយានដ្ឋានជួសជុលរថយន្តយីហោ "ទឹមពៅ" ផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកមានស្រុកកំណើត ភូមិគៀនជ្រៃ
ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក), ម៉ូតូមួយគ្រឿងម៉ាក Future ពណ៌ខ្មៅដែលមានលេខតួ និងលេខម៉ស៊ីន 023788, ទូរស័ព្ទមួយគ្រឿងម៉ាក I call ពណ៌ស ស៊ីមលេខ 098 420543។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread

មតិយោបល់