ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ ប៉ូលិសខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ចុះជួយខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទឆក់កាបូបស្ពាយជនបរទេសនៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវព្រះនរោត្តម ភូមិទី៩ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនគឺ១.ឈ្មោះ ណាំ ធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ៣អឺ០ ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាអ្នកបើកម៉ូតូ និង ២.ឈ្មោះ សម្បត្តិ ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ៤៩ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់កាបូប។
វត្ថុតាងចាប់យកមានម៉ូតូមួយគ្រឿងម៉ាកស្តូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BN-6665 លេខតួ.ម៉ាស៊ីន 8014175 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ចំណែកជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជាជនបរទេស ជិះម៉ូតូរឺម៉កកង់បីជាមួយប្តីស្ពាយកាបូប បន្ទាប់ពីដណ្តើមបានកាបូបវិញ ក៏បន្តដំណើរទៅទៀតដោយពុំបានមកដាក់ពាក្យបណ្តឹងទេ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
