adverise with khmeread 14081096 281538748893912 42640612 n

កាប់២ពូថៅរយះក្បាលហើយលោតទឹកហែលគេចខ្លួនបាត់

    កណ្តាល ៖ មានករណីអំពើហិង្សា ដោយចេតនាយកពូថៅកាប់រយះក្បាលបុរសម្នាក់ ហើយគេចខ្លួនបាត់កើតឡើងនាថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ម៉ោង៤ និង៣០នាទីល្ងាច នៅចំណុចមាត់កំពង់ទូកដរ ឈ្មោះ សួ ស៊ីម ភេទប្រុស នៅត្រើយខាងលិចស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការមានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រងរបួសក្បាល០២កន្លែង។

    ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិឃុំជាមួយគ្នារត់គេចខ្លួនបាត់ក្រោយពេលកើតហេតុភ្លាមៗ។

    ប៉ូលិសបន្តថា ដំបូងនៅថ្ងៃទី២៤ សីហា ២០១៦ វេលាម៉ោង១៦ និង៣០នាទី ជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុស​ បានយកបន្លែពីផ្ទះរបស់ខ្លួនដោយឆ្លងទូកដររបស់ឈ្មោះ សួ ស៊ីម យកមកលក់នៅត្រើយខាងលិចក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ មកលក់ឱ្យឈ្មោះ ហេង​ ប្រុស។

    លុះនៅពេលជនរងគ្រោះលក់បន្លែរួច ក៏អង្គុយរាប់លុយថ្លៃលក់បន្លែ ស្រាប់តែជនសង្ស័យដើរមកពីខាងលិចមានកាន់ពូថៅនៅនឹងដៃ ចូលមកកាប់ជនរងគ្រោះពីក្រោយ ចំក្បាល ចំនួន០២ពូថៅ បណ្តាលឱ្យរងរបួសជាទម្ងន់ រួចជនសង្ស័យ ក៏បានរត់លោតហែលទឹកឆ្លងទៅកោះចំរើនគេចខ្លួនបាត់តែម្តង។

    ចំណែកជនរងគ្រោះត្រូវបានឈ្មោះ កុយ និងប្រជាជនជិតខាងដឹកយកមកសង្គ្រោះនៅ ផ្ទះពេទ្យឯកជន ភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ក្រោយមក ដោយស្ថានភាព រងរបួស មានសភាពធ្ងន់ធ្ងរ ក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញបន្តទៀត។

    ករណីខាងលើ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស្វែង រកមុខសញ្ញា នឹងបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់