ភ្នំពេញ ៖ ជនដៃដល់ជាម្ចាស់ហាង "រតនៈរចនាម៉ូដ" ដែលបានប្រើហិង្សាវាយទៅលើតារត់ម៉ូតូកង់រហូតបាក់ដៃកាលពីយប់ថ្ងៃទី២៣ សីហានោះ ត្រូវបានប៉ូលិសខណ្ឌចំការមនចាប់ខ្លួនបានហើយ នៅវេលាម៉ោង១រសៀលថ្ងៃទី២៤ សីហា ឆ្នាំ២០១៦កន្លងទៅនេះ។
ប៉ូលិសខណ្ឌចំការមនបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ សីហានេះថា ជនល្មើសឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជននេះបានសារភាពហើយថា ខ្លួនពិតជាបានវាយជនរងគ្រោះរហូតបាក់ដៃមែនក្រោយ ឈ្លោះគ្នារឿងចតម៉ូតូកង់បីមុខហាង។
ចំណែកជនរងគ្រោះឈ្មោះ យឹម សុខុន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល របួសបាក់ដៃឆ្វេងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីជនបង្កវាយឱ្យរបួសបាក់ដៃ នៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន នាវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវករណី ម្ចាស់ហាង "រតនៈរចនាម៉ូដ" ដែលបានវាយបុរសវ័យចំណាស់ម្នាក់ ដែលអ្នករត់ម៉ូតូកង់ បណ្ដាលឱ្យបាក់ដៃ បច្ចុប្បន្នឃាត់ខ្លួននៅការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់រាធានីភ្នំពេញាត់ការតាមនីតិវិធី៕
