កណ្តាល ៖ ជនង្ស័យ២នាក់ ត្រូវបានប៉ូលិសស្រាវជ្រាវបង្រ្កាបពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង៣០នាទីរសៀលនៅចំណុចភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួន៖ ១-ឈ្មោះ ស្រេង វង់លៀង ហៅឆៃ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុ និង២-ឈ្មោះ អឿន ម៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលពង្រ
ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យកម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០២ធំ០៧កញ្ចប់តូច, ឧបករណ៍សំរាប់វិចខ្ចប់ និងប្រើប្រាស់មួយចំនួន, លុយចំនួន៦ម៉ឺនរៀល និងទូរស័ព្ទ០២គ្រឿងម៉ាកអិនចុចពិល។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើកម្លាំងជំនាញ បានទទួលព័ត៌មានថា មានជនសង្ស័យឈ្មោះខាងលើកំពុងតែចែកចាយថ្នាំញៀន នៅចំណុចកើតហេតុក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញ បានទៅដល់កន្លែងកើតបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
បន្ទាប់មកកម្លាំងប៉ូលិស បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រមទាំងមេភូមិ បានធ្វើការឆែកឆេរនៅកន្លែងកើតហេតុ បានឃើញវត្ថុតាងដូចខាងលើរួចមកបញ្ជូនជនសង្ស័យ និងវត្ថុតាងមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
