adverise with khmeread Cover

គម្រោងស្រែយក្សជាស្នាដៃកូនខ្មែរនឹងកើតឡើងជារូបរាងក្នុងពេលឆាប់ៗនេះ

    ភ្នំពេញ​ ៖​ គម្រោងស្រែយក្សដែលជាស្នាដៃពិតៗរបស់កូនខ្មែរនឹងកើតឡើងជារូបរាងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការគាំទ្រពីស្ថាប័នជំនាញ និង រាជរដ្ឋាភិបាលកម្ពុជា ហើយគេរំពឹងថាការនាំចេញអង្ករក្រអូបធម្មជាតិនឹងសម្រេចបានតាមផែនការមួយលានតោនក្នុងមួយឆ្នាំ។

    តំណាង ក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍ បានលើកឡើងបែបនេះ ខណៈការចាប់ផ្តើមអនុវត្តគម្រោង "ស្រែយក្ស" របស់ខ្លួននឹងចាប់ផ្តើមនៅរដូវទឹកសម្រកនាពេលខាងមុខនេះ។

    លោក តាំង សុខឃី ជំនួយការក្រុមហ៊ុនអេង​ ឌីប៉ូអភិវឌ្ឍន៍បង្ហាញពីវិសាលភាពរបស់ក្រុមហ៊ុនថា ខណៈការចាប់ផ្តើមអនុវត្តគម្រោង "ស្រែយក្ស" ក្រោយទឹកសម្រកនេះតទៅ​ក្រុមហ៊ុននឹងចាប់ផ្ដើមចុះដំណើរស្ដារ និងពង្រាបដីដោយក្នុងមួយស្រែមានទំហំមួយពាន់ម៉ែត្របួនជ្រុងស្មើនឹង១០០​ហិកតា​ ដោយភ្លឺស្រែនីមួយៗ​ ស្មើនឹងផ្លូវខេត្តដែលអាចចៀសរថយន្ត២គ្រឿងយ៉ាងងាយ​ស្រួល។

    លោក តាំង សុខឃី បានបង្ហាញថា គម្រោងកសិកម្មផលិតស្រូវក្រអូបបែបធម្មជាតិសម្រាប់នាំចេញដែលមានទំហំក្នុង១ស្រែ​១០០ហិកតាបួនជ្រុង និងមានភ្លឺស្រែទំហំរថយន្ត ២គ្រឿង អាចបើកបរជៀសគ្នាបាន គឺកំពុងតែលេចរូបរាងបណ្តើរៗហើយ ដែលស្ថិតក្នុងភូមិសាស្រ្ត ស្រុកបាធាយ ខេត្តកំពង់ចាម នៅលើទំហំដីទាំងស្រុងប្រមាណជាង១ម៉ឺនហិកតា។ ​​​​​​​​​​​

    នៅជំហានដំបូងនេះក្រុមហ៊ុន អេង​ ឌីប៉ូអភិវឌ្ឍន៍ បានចាប់ផ្តើមស្តារដីតាមបច្ចេកទេស រៀបចំភ្លឺស្រែអង្កន់ ផ្ទៃដីឱ្យបានល្អជាមុនសិន​ទើបជំហានបន្ទាប់នឹងដំណើរកសាងប្រព័ន្ធធារាសាស្ត្រ​ ស្រោចស្រពបញ្ចូលស្រែ​របស់ក្រុមហ៊ុនផង​ និងចែកជូនប្រជាពលរដ្ឋនៅជាប់តំបន់នេះផង​។

    លោកបន្តថា​ តាមការគ្រោងទុក ក្រុមហ៊ុននឹងអភិវឌ្ឍតំបន់កសិកម្ម ដំណាំស្រូវប្រភេទនាំចេញនេះឱ្យក្លាយទៅជា "តំបន់មហាសមុទ្រស្រូវ" តែម្តង និងអាចទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកចូលទស្សនាកម្សាន្តមហាសមុទ្រស្រូវ ដែលកសាងឡើងដោយស្នាដៃ និងគំនិតកូនខ្មែរពិតៗ។​​​​​​​​

    ជំនួយការក្រុមហ៊ុនរូបនេះបន្តថា​ ក្រុមហ៊ុនរបស់លោកបានសហការដៃគូជាមួយក្រុម​ហ៊ុន​ហ្គោហុងមកពីខេត្តក្វាងស៊ីប្រទេសចិ​ន ដែលមានសាខាក្រុមហ៊ុននៅ ស្រុកសាមគ្គីមាន​ជ័យ​ ខេត្កកំពង់ឆ្នាំង។

    ក្រុមហ៊ុននេះបាននាំយកអង្ករក្រអូបធម្មជាតិរបស់ក្រុមហ៊ុន អេង​ ឌីប៉ូអភិវឌ្ឍន៍ ចូលទីផ្សារចិន​ ដែលជាទីផ្សារចង្អៀត ហើយស្រូវត្រូវតែមានគុណភាព​ អនាម័យ​ និង​ ត្រូវតាមស្តង់ដារប្រទេសចិន​តែម្ដង។ ដោយឡែកក្រុមហ៊ុនរបស់លោក បាននាំចូលទៅទីផ្សារប្រទេសចិនដោយរលូន​។

    លោកបន្តទៀតថា​ នៅពេលគម្រោងអភិវឌ្ឍន៍នេះ សម្រេចបានលើផ្ទៃដីជាងមួយម៉ឺនហិកតា​ លោកសង្ឃឹមថា​ ក្រុមហ៊ុន ហ្គោ ហុង នឹងសហការនាំចេញអង្កទៅលក់នៅទីផ្សារប្រទេសចិ​ន​ ហើយបានបំពេញតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំ​។ ក្រុមហ៊ុនរបស់លោកបានប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការអនុវត្តគម្រោងនេះ​ ហើយមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍​ កិត្តិយស​ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជាឡើយ​៕


 

adverise with khmeread

មតិយោបល់