បុរសក្រខ្សត់គ្មានលុយមួយសេនក្នុងហោប៉ៅម្នាក់បានបង្ខំចិត្តដើរចម្ងាយ ១០ គីឡូម៉ែត្រ លីសាកសពប្រពន្ធរបស់គាត់លើស្មាជាមួយកូនស្រីម្នាក់កំពុងទ្រហូរយំនៅជិតគាត់។
វីដេអូដ៏រន្ធត់ចិត្តនេះបានបង្ហាញបុរសម្នាក់ឈ្មោះ Dana Majhi កំពុងលីសពប្រពន្ធទៅផ្ទះរបស់គាត់ក្នុងទីក្រុង Bhubaneswar រដ្ឋ Odisha ប្រទេសឥណ្ឌា។
ប្រពន្ធវ័យ ៤២ ឆ្នាំរបស់លោក Majhi បានស្លាប់ដោយសារជំងឺរបេងនៅមន្ទីរពេទ្យក្នុងសង្កាត់ Kalahandi កាលពីយប់ថ្ងៃអង្គារកន្លងទៅ។ នេះបើយោងតាមវេបសាយទូរទស្សន៍ឥណ្ឌា NDTV ។
ដោយគ្មានមធ្យោបាយធ្វើដំណើរ និងគ្មានប្រាក់ក្នុងខ្លួនសោះ លោក Majhi និងកូនស្រីកំសត់របស់គាត់ត្រូវបង្ខំចិត្តដើរ ១០ គីឡូ រហូតដល់ពេលរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដាច់ចិត្តជួយរៀបចំយកគ្រួសារនេះធ្វើដំណើរ ៦០ គីឡូដែលនៅសល់បន្ថែមទៀត។
លោក Majhi បានប្រាប់សារព័ត៌មានក្នុងស្រុកថា "ខ្ញុំបានប្រាប់អាជ្ញាធរមន្ទីរពេទ្យហើយថា ខ្ញុំជាអ្នកក្រ និងមិនមានយានជំនិះធ្វើដំណើរទេ។ ខ្ញុំបានស្នើសុំពួកគេ ប៉ុន្ដែពួកគេមិនអាចជួយខ្ញុំបាន"។
លោក Majhi បានរុំប្រពន្ធរបស់គាត់ជាមួយនឹងអាវច្រើនតង់ នៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញទាំងអស់សង្ឃឹម៕
