របកគំហើញផ្នែកវេជ្ជសាស្ត្រ ដែលថ្មីៗនេះកំពុងធ្វើតេស្តលើសត្វ គឺប្រើប្រាស់នូវបច្ចេកវិជ្ជាដកដង្ហើមតាមអង្គធាតុរាវ។
អង្គការមូលនិធិស្រាវជ្រាវកម្រិតខ្ពស់របស់រុស្ស៊ី (Advanced Research Fund) បានធ្វើតេស្តប្រព័ន្ធបច្ចេកវិជ្ជានេះជោគជ័យទៅលើសត្វកណ្តុររួចមកហើយៗឥឡូវកំពុងយកមកសាកលើឆ្កែវិញម្តង។
បច្ចេកវិជ្ជាដកដង្ហើមតាមអង្គធាតុរាវមានការពាក់ព័ន្ធនឹងការចាក់បំពេញសួតជាមួយនឹងអង្គធាតុរាវដែលពោរពេញដោយអុកស៊ីសែន ដែលបន្ទាប់មកអាចហូរចូលទៅតាមសរសៃឈាម។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺថា បច្ចេកវិជ្ជានេះគឺដូចគ្នាបេះដាក់ទៅនឹងប្រព័ន្ធមួយក្នុងភាពយន្តបែបវិទ្យាសាស្ត្ររឿង The Abyss ឆ្នាំ ១៩៨៩ របស់លោក James Cameron។
លោក Vitaly Davydov អគ្គនាយករងអង្គការមូលនិធិស្រាវជ្រាវកម្រិតខ្ពស់និយាយថា "យើងបានធ្វើតេស្តលើរបស់មានជីវិតរួចហើយ។ យើងបានចាប់ផ្តើមជាមួយកណ្តុរ និងសត្វតូចៗជាច្រើនទៀត។ ឥឡូវ យើងកំពុងសាកល្បងលើសត្វធំៗ។ ឆ្កែនឹងដើរតួជាអ្នកធ្វើតេស្តនេះ"។
ឈុតហែលទឹកពិសេសមួយកំពុងត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់មនុស្សដើម្បីប្រើប្រាស់បច្ចេកវិជ្ជា ដែលធ្វើឡើងក្នុងគោលបំណងសម្រាប់ឱ្យអ្នកបើកនាវាមុជទឹកប្រើប្រាស់ទុកបង្ការគ្រាមានអាសន្ន ដើម្បីឱ្យពួកគេអាចឡើងមកលើគោកដោយសុវត្ថិភាព៕
ប្រភព៖ Dailystar
