នៅថ្ងៃមួយ អ្នកគ្រូម្នាក់បានបង្រៀនកូនសិស្សអាយុ ៧ ឆ្នាំម្នាក់ដែលមានឈ្មោះថា ឡាអិក នូវមុខវិជ្ជាគណិតវិទ្យា ហើយគាត់បានសួរសិស្សប្រុសនេះថា "ប្រសិនបើអ្នកគ្រូឱ្យប្អូននូវផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែទៀត តើប្អូននឹងមានផ្លែប៉ោមចំនួនប៉ុន្មានផ្លែ?"។
មិនបានប៉ុន្មានវិនាទីផង ឡាអិកបានឆ្លើយសំណួរដោយមានទំនុកចិត្តដ៏មុតមាំថា "បាទអ្នកគ្រូ! ខ្ញុំមានផ្លែប៉ោម ៤ ផ្លែ"។
អ្នកគ្រូបានបង្ហាញទឹកមុខតក់ស្លុត ព្រោះគាត់បានរំពឹងទុកនូវចម្លើយ "៣ ផ្លែ"។ នៅពេលនោះគាត់ក៏ខកចិត្ត ហើយក៏បាននឹកក្នុងចិត្តថា "ប្រហែលជាក្មេងនេះស្តាប់សំណួរមិនច្បាស់ហើយមើលទៅ"។
អ្នកគ្រូក៏បានសួរម្តងទៀតថា "ឡាអិក ស្តាប់អ្នកគ្រូម្តងទៀតឱ្យបានច្បាស់! ប្រសិនបើអ្នកគ្រូឱ្យប្អូននូវផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែទៀត តើប្អូននឹងមានផ្លែប៉ោមចំនួនប៉ុន្មានផ្លែ?"។
ឡាអិកបានឃើញទឹកមុខខកចិត្តរបស់អ្នកគ្រូលើកទីមួយទៅហើយៗដោយខ្លាចគាត់ខកចិត្តម្តងទៀត រូបគេក៏គណនាដោយប្រើម្រាមដៃ។ ឡាអិកក៏មិនចង់ឱ្យអ្នកគ្រូមិនសប្បាយចិត្តដែរ ដូច្នេះរូបគេខំប្រឹងស្វែងរកចម្លើយដ៏ត្រឹមត្រូវមួយដើម្បីឱ្យគាត់រីករាយ។
លើកនេះ ឡាអិកបានឆ្លើយសំណួរដូចជាស្ទាក់ស្ទើរយ៉ាងដូច្នេះថា "បាទអ្នកគ្រូ! ខ្ញុំមានផ្លែប៉ោម ៤ ផ្លែ"។
រំពេចនោះ អ្នកគ្រូអន់ចិត្តជាខ្លាំង ប៉ុន្តែស្របពេលនោះដែរគាត់ក៏នឹងឃើញថា ឡាអិកចូលចិត្តផ្លែស្ត្របឺរី។ គាត់បានគិតថា ប្រហែលជាឡាអិកមិនចូលចិត្តប៉ោមហើយ បានជាវាបាត់បង់ការផ្តោតអារម្មណ៍។
លើកនេះ ជាមួយក្តីរំភើបហួសថ្លែងដោយបង្ហាញតាមរយៈក្រសែភ្នែករបស់អ្នកគ្រូ គាត់ក៏បានសួរថា "ប្រសិនបើអ្នកគ្រូឱ្យប្អូននូវផ្លែស្ត្របឺរី ១ ផ្លែ និងផ្លែស្ត្របឺរី ១ ផ្លែ និងផ្លែស្ត្របឺរី ១ ផ្លែទៀត តើប្អូននឹងមានផ្លែស្ត្របឺរីចំនួនប៉ុន្មានផ្លែ?"។
ដោយឃើញអ្នកគ្រូរីករាយបែបនេះ ឡាអិកក៏បានប្រើដៃដើម្បីគណនាចំណោទនេះម្តងទៀត។ លើកនេះ គ្មានសម្ពាធអ្វីឡើយចំពោះក្មេងតូចនេះ ប៉ុន្តែមានបន្តិចបន្តួចចំពោះអ្នកគ្រួ ព្រោះអ្នកគ្រូចង់ទទួលជោគជ័យនូវសំណួរថ្មីនេះ។
ជាមួយស្នាមញញឹមអឹមអៀន ឡាអិកបានឆ្លើយថា "បាទអ្នកគ្រូ! ខ្ញុំមានផ្លែស្ត្របឺរី ៣ ផ្លែ"។
ទីបំផុត អ្នកគ្រូធូរទ្រូង ក្រោយពីបានស្តាប់ឮចម្លើយដ៏ត្រឹមត្រូវនេះ។ សំណួរដែលគាត់បានសួរនៅពេលនេះទទួលជោគជ័យហើយៗគាត់ចង់អបអរខ្លួនឯង ប៉ុន្តែរំពេចនោះ មានរឿងមួយបានរំឮកគាត់។
ជាលើកចុងក្រោយ គាត់បានសួរសំណួរដដែលថា "ឥឡូវ ប្រសិនបើអ្នកគ្រូឱ្យប្អូននូវផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែ និងផ្លែប៉ោម ១ ផ្លែទៀត តើប្អូននឹងមានផ្លែប៉ោមចំនួនប៉ុន្មានផ្លែ?"
ឡាអិកបានឆ្លើយយ៉ាងដូច្នេះថា "បាទអ្នកគ្រូ! ខ្ញុំមានផ្លែប៉ោម ៤ ផ្លែ"។
ក្រោយឮវាឆ្លើយបែបនេះ អ្នកគ្រូស្ទើរតែសន្លប់ឈរ និងខឹងយ៉ាងខ្លាំង ហើយគាត់បានសួរឡាអិកដោយប្រើសម្តីខ្លាំងៗថា "ឡាអិក ម៉េចវាទៅអ៊ីចឹងកើតហា?"។
ដោយនិយាយថ្នមៗ ក្មេងប្រុសវ័យ ៧ ឆ្នាំរូបនេះបានឆ្លើយតបថា "បាទអ្នកគ្រូ! ព្រោះខ្ញុំមានផ្លែប៉ោម ១ ផ្លែរួចហើយនៅក្នុងកាតាបរបស់ខ្ញុំ"។
ចុងក្រោយ នៅពេលនរណាម្នាក់ផ្តល់នូវចម្លើយដែលខុសពីការរំពឹងទុករបស់អ្នក កុំគិតថាពួកគេខុសឱ្យសោះ។ ប្រហែលជាមានជ្រុងនៃចម្លើយមួយទៀត ដែលអ្នកមិនទាន់គិតដល់នៅឡើយ។ វាមិនខុសអ្វីពីមតិរបស់អ្នកដទៃ ដែលផ្ទុយពីមតិរបស់អ្នកនោះទេ។ បើគេគិតមិនដូចយើង សូមកុំគិតថា គេម្នាក់នេះចង់ប្រឆាំងនឹងចម្លើយរបស់អ្នក ព្រោះចម្លើយដែលស្តាប់ទៅដូចជាខុស មិនប្រាកដថាជាចម្លើយខុសនោះឡើយ។ រៀនបើកចិត្តឱ្យទូលាយទទួលយកហេតុផលពីអ្នកដទៃ ជារឿងប្រពៃបំផុត៕
