ភ្នំពេញ ៖ បុរសជាយោធាម្នាក់ បើករថយន្តតាកូម៉ាមួយគ្រឿងទាំងស្រវឹងស្រា បានបើកទៅបុកម៉ូតូស្កុបពីមួយគ្រឿង ចំពីក្រោយខណៈបន្ថយល្បឿនឈប់ស្តុប បណ្តាលឱ្យស្ត្រីសរសៃខ្ចីម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូរងរបួសចុកចាប់ងើបមិនរួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ សីហា ២០១៦ នៅចំណុចស្តុបជេនជូរីផ្លារហ្សា ផ្លូវ២០១១ កែង និងផ្លូវសហព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ប៉ូលិសនិយាយថា មុនពេលកើតហេតុគេ ឃើញ ម៉ូតូស្គុបពី មួយគ្រឿងពាក់ស្លាកលេខ 1BK-2452 បើកដោយបុរសម្នាក់ឌុបប្រពន្ធ និងក្មេងប្រុសម្នាក់ និងទារកអាយុ៤ខែម្នាក់ ដោយប្រពន្ធជាអ្នកបីកូនតូច ជិះតាមផ្លូវ ២០១១ ក្នុងទិសដៅពីជើងត្បូង ខណៈមកដល់ចំណុចស្កុបខាងលើ ម៉ូតូ បានបន្ថយល្បឿន ដើម្បីឈប់ស្តុប ស្របពេលនោះក៏មានរថយន្តតាកូម៉ា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2F-2484 ក្នុងទិសដៅស្រាបគ្នា បើកបរដោយបុរសយោធាស្រវឹងស្រា ម្នាក់ បានបើកបុកពីក្រោយ បណ្តាលឱ្យស្ត្រីដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូជាមួយកូនតូចអាយុ៤ខែ ធ្វើស្ត្រីជាម្តាយរងរបួសចុកចាប់(ទល់ផ្អក) ងើបមិនរួច រីឯក្មេងប្រុសម្នាក់ ត្រូវជាក្មួយរបួសរលាត់ដៃរលាត់ជើង ដោយឡែកបុរសជាអ្នកបើកម៉ូតូ និងទារកមិនមានរងរបួសអ្វីឡើយ។
ប៉ូលិសបន្តថា ក្រោយមកក៏មានរថយន្តរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក មកពីក្រោយគេពី រថយន្តតាកូម៉ាបំរ៉ុង និងកៀរ រថយន្តតាកូម៉ា តែត្រូវអ្នកបើកបរចាប់ហ្វ្រាំងទាន់ ធ្វើឱ្យស្ទះចរាចរណ៍ជាងកន្លះម៉ោង ដោយសារតែបុរសម្ចាស់រថយន្តតាកូម៉ា ដែលជាយោធាមានសក្កិយសម្នាក់ ស្រវឹងស្រា បានចុះពីរថយន្តមកស្រែកឡូឡាផ្អើលគេឯង មកចោមរោមមើលហេតុការណ៍។
ក្រោយពេលកើតហេតុ ប៉ូលិសជំនាញចរាចរណ៍ បានមកសម្រួលសុំសោររថយន្ត បើករថយន្តបង្កចេញ ហើយបាននាំបុរសយោធា ស្រវឹងនោះមកកាន់ផ្នែកចរាចរណ៍ខណ្ឌ ដើម្បីវាស់ជាតិអាកុល និងប្រគល់ទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីចាត់ការនិងធ្វើការដោះស្រាយ៕
