adverise with khmeread Unnamed %281%29

លួចម៉ូតូ២គ្រឿងបាន៥ថ្ងៃជាប់ខ្នោះប៉ូលិសខណ្ឌទួលគោក(មានវីដេអូ)

    ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៍ខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ពីបទលួចមានស្ថានទម្ងន់ ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះ យកម៉ូតូ០២គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៦ ផ្លូវ លេខ២២១ ក្រុមទា៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១២ និង៣០នាទីរំលងអាធ្រាត្រ។

    ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ កូវ សុផាត ហៅ បារាំង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យចតុ មុខ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ២-ឈ្មោះ ហង្ស វិបុលរិទ្ធី ហៅ ពីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង៣-ឈ្មោះ កេន មករា ហៅយក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះ គ្មានលេខ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ចំណែកជនរងគ្រោះឈ្មោះ គឹម ទ្រីគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវលេខ២២១ ក្រុមទី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    វត្ថុតាងដែលបានចាប់យក ម៉ូតូចំនួន ០២គ្រឿងម៉ាក Honda zoomex ពណ៌ ត្រួយចេក ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CS- 2798 មានលេខតួ និងលេខម៉ាស៊ីន 16776 និងម៉ាក Suzuki Let's ពណ៌លឿងខ្ចី ស៊េរី២០១៣ មានលេខតួ402007 លេខម៉ាស៊ីន 401999 (ជាម៉ូតូរបស់ជន គ្រោះ)។

    ប៉ូលិសបន្តថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៨យប់ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាទៅផ្ទះម្តាយនៅពោធិ៍ចិនតុង ដោយមានកូនតូចពីរនាក់នៅដេកជាន់ខាងលើ ដោយដាក់ម៉ូតូនៅក្នុងរបងផ្ទះ ដោយបានចាក់សោរបង។

    រហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ ជិតភ្លឺ ជនរងគ្រោះបានត្រឡប់មកវិញ ឃើញទ្វាររបងបើកចំហរ ហើយបាត់ម៉ូតូពីរគ្រឿង ក៏បានប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ។

    លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០យប់ ប៉ូលិសបានប្រើប្រាស់វិធានការជំនាញ ស្រាវជ្រាវ ឃាត់បានជនសង្ស័យទាំងបីនាក់ខាងលើ ខណៈពេលកំពុងជិះម៉ូតូជនរងគ្រោះ ក៏បានឃាត់ខ្លួនតែម្តង។

    បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread

មតិយោបល់