adverise with khmeread 7 great careers

អាជីពអស្ចារ្យចំនួន ៧ ដែលមិនមានអារម្មណ៍ដូចជាការងារ

មនុស្សជាច្រើនសង្កត់ធ្ងន់ទៅលើការទទួលបានអាជីពអស្ចារ្យ ដែលមិនមានអារម្មណ៍ដូចជាការងារ។ គ្មានអ្វីអាក្រក់ជាងការដែលមានការងារដែលអ្នកមិនចូលចិត្តនោះទេ។ តែអ្នកត្រូវតែប្រឈមតទល់នឹងវា។ យើងចំណាយពេលភាគច្រើនរបស់យើងនៅកន្លែងធ្វើការ ដូច្នេះខ្ញុំគិតថាវាសំខាន់ណាស់ដែលត្រូវជ្រើសរើសអាជីពមួយ ដែលអ្នកពិតជាចូលចិត្ត។ ប្រាកដណាស់ វាមិនមានន័យថាអ្នកគួរតែឈប់ពីការងារបច្ចុប្បន្នរបស់អ្នកដើម្បីរកអាជីពល្អបំផុតនាពេលឥឡូវនេះភ្លាមនោះទេ។ ទោះយ៉ាងណា ប្រសិនបើការងារនោះធ្វើឲ្យខាតបង់ជំនាញរបស់អ្នក អ៊ីចឹងសូមពិចារណានូវបញ្ជីនៃអាជីពអស្ចារ្យទាំង ៧ ដែលមិនមានអារម្មណ៍ដូចជាការងារដូចខាងក្រោមនេះ និងសូមគិតពីការផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់អ្នក។ សូមព្យាយាមធ្វើវាមួយជំហានម្តងៗ។ 

១- ចុងភៅ
ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប និងដុតនំ អ្នកអាចនឹងចង់ក្លាយជាអ្នកដុតនំ ឬចុងភៅម្នាក់។ នៅពេលខ្ញុំចំអិនអាហារនៅផ្ទះ ខ្ញុំបានប្រាប់ស្វាមីខ្ញុំថា វាមិនចំណាយពេលយូរទេ ប៉ុន្តែចុងក្រោយខ្ញុំតែងតែប្រើពេលលើស ៣ ម៉ោង។ រឿងអស្ចារ្យគឺថា វាពុំមានអារម្មណ៍ដូចជាកំពុងធ្វើការនោះទេ ហើយខ្ញុំមិនបានហត់នឿយអ្វីបន្តិចសោះ។ អ្នកអាចនឹងនិយាយថា មានភាពខុសគ្នារវាងការធ្វើម្ហូបឲ្យគ្រួសារ និងការធ្វើម្ហូបឲ្យអតិថិជន ប៉ុន្តែប្រសិនបើអ្នកពិតជាចូលចិត្តធ្វើម្ហូបមែន នោះអ្នកនឹងចូលចិត្តការងារចំអិនអាហាររបស់អ្នក។ 

២-​ អ្នករចនាម៉ូដ
មិនថាអ្នកស្រឡាញ់ខាងការរចនាម៉ូដផលិតផល ឬការរចនាម៉ូដក្នុងផ្ទះនោះទេ គឺអ្នកនឹងពិចារណាធ្វើការជាអ្នករចនាម៉ូដ។ នៅពេលនរណាម្នាក់ស្នើឲ្យធ្វើគំនូរគ្រោង ឬតុបតែងលម្អឡើងវិញ អ្នកនឹងធ្វើជូនភ្លាម។ ទោះយ៉ាងណា​ ត្រូវចាំក្នុងចិត្តថា ការក្លាយជាអ្នករចនាម៉ូដចាំបាច់ត្រូវមានក្រុមការងារ និងការច្នៃប្រឌិត។ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីប្រើប្រាស់ការច្នៃប្រឌិតរបស់អ្នក នោះអ្នកនឹងចូលចិត្តការងាររបស់អ្នក។ 

៣- អ្នកនិពន្ធ
ប្រសិនបើអ្នកចូលចិត្តសរសេរ ហេតុអ្វីមិនព្យាយាមធ្វើការជាអ្នកនិពន្ធទៅ? នៅពេលអ្នកកំពុងសរសេរអំពីអ្វីមួយដែលចាប់អារម្មណ៍ ទោះពេលវេលាដើរទៅមុខយ៉ាងលឿន ក៏អ្នកនៅតែមិនមានអារម្មណ៍ដូចជាអ្នកកំពុងប្រឹងប្រែងខ្លាំងពេញមួយថ្ងៃនោះឡើយ។ ជាការពិត ការនិពន្ធអាចមានការលំបាកនៅពេលខ្លះ ជាពិសេសនៅពេលអ្នកមានអារម្មណ៍មួហ្មង ហើយអ្នកមានបញ្ហាច្រើនត្រូវដោះស្រាយ។ ប៉ុន្តែនៅពេលដែលអ្នកមានគំនិតពិសេសៗជាច្រើន អាជីពនេះនឹងពិតជាអស្ចារ្យខ្លាំងណាស់។ 

៤- ជំនួយការដើរទិញឥវ៉ាន់
ប្រសិនបើអ្នកចូលចិត្តសម្លឹងមើលការលេងស្តាយ ចូលចិត្តដើរផ្សារ និងជួយអ្នកដទៃ អ៊ីចឹងសូមពិចារណាធ្វើការជាជំនួយការដើរទិញឥវ៉ាន់។ វាជាការប្រសើរដែលត្រូវសម្រេចចិត្តជាមុនថាតើអ្នកចូលចិត្តដើរផ្សារដើម្បីទិញអ្វី ព្រោះប្រសិនបើអ្នកទៅទិញអ្វីៗដែលអ្នកមិនចូលចិត្ត ការងារនេះច្បាស់ជាធ្វើឲ្យខកចិត្តខ្លាំងណាស់។ 

៥- អ្នករៀបចំពិធីជប់លៀង ឬពិធីរៀបការ
នេះគឺជាអាជីពល្អបំផុតមួយ ដែលពុំមានអារម្មណ៍ដូចជាការងារនោះឡើយ។ ប្រសិនបើអ្នកមានភាពច្នៃប្រឌិតដ៏អស្ចារ្យ ហើយអ្នកចូលចិត្តរៀបចំពិធីជប់លៀង ឬរៀបការ អ៊ីចឹងអ្នកច្បាស់ជាចង់ពិចារណាធ្វើការជាអ្នករៀបចំពិធីជប់លៀង ឬពិធីរៀបការជាមិនខាន។ ខ្ញុំចូលចិត្តរៀបចំផ្ទាំងលម្អនៅពិធីជប់លៀង ដើរទិញរបស់តុបតែងពិសេសៗ និងស្វែងរកការពញ្ញាក់អារម្មណ៍ខ្លះៗដើម្បីធ្វើឲ្យពិធីកាន់តែសប្បាយ។ ប្រសិនបើអ្នកពេញចិត្តខាងការរៀបចំពិធីជប់លៀង ឬពិធីរៀបការ អ៊ីចឹងការក្លាយជាអ្នករៀបចំពិធីអាពាហ៍ពិពាហ៍គឺជាអាជីពល្អបំផុតហើយសម្រាប់អ្នក។ 

៦- អ្នកមើលក្មេង ឬគ្រូបង្រៀន
ប្រសិនបើអ្នកចូលចិត្តចំណាយពេលនៅជាមួយក្មេងៗ អ៊ីចឹងការក្លាយជាអ្នកមើលថែក្មេង ឬគ្រូបង្រៀនគឺពិតជាជម្រើសដ៏អស្ចារ្យណាស់។ មនុស្សជាច្រើនគិតថា ការក្លាយជាគ្រូបង្រៀនគឺជាការងារមួយងាយស្រួលបំផុត ប៉ុន្តែការពិតទៅវាជាការងារដ៏លំបាកមួយ ដែលតម្រូវឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងចេះស្រឡាញ់ក្មេងៗ។ 

៧- ធ្វើការក្នុងបណ្តាញសង្គម 
សព្វថ្ងៃ មនុស្សក្មេងៗជាច្រើនចង់ធ្វើការក្នុងបណ្តាញសង្គម ហើយវាជាអាជីពល្អបំផុតមួយ ដែលពុំមានអារម្មណ៍ដូចជាការងារនោះឡើយ។ ប្រសិនបើអ្នកមិនចង់ក្លាយជាអ្នកអភិវឌ្ឍន៍សូហ្វវែ អ៊ីចឹងអ្នកប្រហែលជាចង់សិក្សាអំពីការវិភាគ និងរៀបចំការស្រាវជ្រាវពាក្យគន្លឹះនៅក្នុងក្រុមហ៊ុនបណ្តាសង្គមណាមួយ។ ការងារនេះពិតជាគួរឲ្យចាប់អារម្មណ៍ និងសប្បាយ ហើយអ្នកអាចនឹងរកលុយបានយ៉ាងច្រើន។ 

នៅពេលអ្នកមានការងារមួយដែលអ្នកស្រឡាញ់ នោះជីវិតរបស់អ្នកនឹងកាន់តែងាយស្រួល និងកាន់តែរីករាយ ហើយកម្រិតស្ត្រេស៍របស់អ្នកនឹងថយចុះតាមនោះដែរ។ លើសពីនេះទៀត ប្រសិនបើអ្នកទទួលទានអាហារល្អដល់សុខភាព និងធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ អ្នកច្បាស់ជារស់នៅរឹតតែបានយូរ។ មនុស្ស ដែលមិនចូលចិត្តការងាររបស់ខ្លួនតែងមានការបាក់ទឹកចិត្ត និងមិនរីករាយនោះទេ។ ដូច្នេះ ត្រូវធ្វើឲ្យប្រាកដថា អ្នកជ្រើសរើសអាជីពមួយ ដែលពុំមានអារម្មណ៍ដូចជាការងារ៕

adverise with khmeread

មតិយោបល់