adverise with khmeread Untitled 1

សំណាង​ជាង​ត្រូវ​ឆ្នោត​ទៀត​! ក្មេង​ឥណ្ឌា​អាយុ ១១ ឆ្នាំ​នៅ​តំបន់​អនាធិបតេយ្យ​ម្នាក់នេះ​ត្រូវ Bayern Munich ជ្រើស​យកទៅ​បង្ហាត់​

    ​ឥណ្ឌា​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​ដែលមាន​មនុស្ស​ដ៏​ច្រើន​លើសលុប​គាំទ្រ​ក្លឹប​ល្បីៗ​ដូចជា Real Madrid, Manchester United និង FC Barcelona ជាដើម ហើយ​ស្របពេល​នេះដែរ ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​ក៏មាន​កីឡាករ​ជាច្រើន​លេង​នៅ​ទ្វីបអឺរ៉ុប​ដែរ តែ​ខុស​ត្រង់​ថា កីឡាករ​ទាំងនោះ​លេង​ឱ្យ​ក្លឹប​តូចៗ និង​មិនសូវ​ឮឈ្មោះ​។ ទោះយ៉ាងណា ចាប់ពីពេលនេះ​ទៅ អ្វីៗ​ប្រហែលជា​នឹង​ផ្លាស់ប្តូរ​ហើយដោយ​សារ​ប្អូនប្រុស Chandan Nayak​។​

​    ​ប្អូនប្រុស Chandan Nayak វ័យ ១១ ឆ្នាំ មកពី​គ្រួសារ​ក្រីក្រ​មួយ​នៅ​ទីក្រុង Bhubaneswar ត្រូវបាន​ក្រុម Bayern Munich ជ្រើសរើស​ដើម្បី​យកមក​បង្វឹក​រយៈពេល ២ ខែ​ក្នុងនាម​រូបគេ​ជា​កីឡាករ​យុវជន​។​

​    ​Nayak ជា​ក្មេង​ម្នាក់​ក្នុងចំណោម​ក្មេង​ចំនួន ១២០ នាក់​ជុំវិញ​ពិភពលោក​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួល​ការ​បង្វឹក​នៅ​ក្រុមយុវជន Bayern Munich​។ រូបគេ​ជា​ក្មេង​ឥណ្ឌា​តែ​ម្នាក់​ដែល​ត្រូវបាន​ជ្រើសរើស​។​

​    ​លោកគ្រូ​បង្វឹក Jayadev Mahapatra និយាយថា គ្រួសារ​របស់ Nayak ពិតជា​ក្រ​ខ្លាំងណាស់​។ យ៉ាងណាក្តី Nayak ខំប្រឹង​តស៊ូ​និង​ហ្វឹកហាត់​យ៉ាង​លំបាក​មុននឹង​គាត់​បាន​ឈាន​មកដល់​ថ្ងៃនេះ​។​

​    ​Chandan Nayak បាន​និយាយថា "​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ហើយ​ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ឥណ្ឌា​នៅ​ថ្ងៃ​ណាមួយ​។ ខ្ញុំ​ពិតជា​អរគុណ​ដល់​គ្រូបង្វឹក​របស់ខ្ញុំ​។ Lionel Messi តែងតែ​ជា​អ្នកជំរុញ​ទឹកចិត្ត​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Skynews

មតិយោបល់