adverise with khmeread Unnamed

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងគ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់ និង៣នាក់របួសធ្ងន់

    ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបាន​រថយន្ត​សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែពួកគេជិះម៉ូតូក្នុងល្បឿនលឿនដូចគ្នា និងទិស​ដៅ​បញ្ច្រាសគ្នាផងនោះ ហើយបានបុកគ្នាពេញទំហឹង។

    គ្រោះថ្នាក់នេះបានកើតឡើងកាលពី​វេលា​ម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវត្តជន្លង់ម្លូ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

    ប៉ូលិសនិយាយថា យុវជនរងគ្រោះដែលស្លាប់ឈ្មោះ ជ័យ ឧត្តម អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ។

    ប៉ូលិសបន្តថា នៅមុនពេលកើតហេតុនៅមុនពេលកើតហេតុ មានយុវជន៣នាក់ជិះម៉ូតូ DUCK ពណ៌សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-1251 ជិះឌុបគ្នាតាម​បណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។

    ពេលនោះស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូម៉ាកអាយខុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1Y-4313 ជិះក្នុងល្បឿនលឿនដូចគ្នា និងទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបាន​រថយន្តសាមុយ​ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

    ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូដែលខូចខាតទាំង២គ្រឿង ទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread

មតិយោបល់