Job interview

រឿងសំខាន់ចំនួន ៧ ដែលអ្នកគួរដឹងមុនពេលសម្ភាសន៍ការងារ

នៅពេលនិយាយដល់ការសម្ភាសន៍ការងារ ការធ្វើឲ្យមានការចាប់អារម្មណ៍ពីដំបូងពិតជាសំខាន់ណាស់។ អ្នកប្រហែលធ្លាប់ឭពាក្យចាស់មួយពោលថា "អ្នកនឹងមិនមានឱកាសលើកទីពីរដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ពីដំបូងនោះទេ"។ គ្រាន់តែនឹកដល់ការសម្ភាសន៍ការងារវាធ្វើឲ្យភ័យឌុកដាក់ កើតស្ត្រេស៍ មានមន្ទិលលើខ្លួនឯង និង ព្រួយបារម្ភស្ទើរស្លាប់ទៅហើយ។ នៅពេលដែលអ្នកព្រួយបារម្ភពេក វាពិបាកនឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីដំបូងណាស់ ប៉ុន្តែមានវិធីសាមញ្ញមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងកិច្ចសម្ភាសន៍ការងាររបស់អ្នក។ វិធីមានប្រសិទ្ធភាពបំផុតគឺការត្រៀមខ្លួន។ អ្នកត្រូវតែធ្វើការស្រាវជ្រាវមុនពេលនៃកិច្ចសម្ភាសន៍ការងាររបស់អ្នក ហើយខាងក្រោមនេះគឺជារឿងសំខាន់ទាំង ៧ ដែលអ្នកគួរតែដឹងឲ្យបានច្បាស់។ 

១- មានជំនាញត្រូវគ្នានឹងការងារនោះ
ការបរិយាយអំពីភារកិច្ច (Job Description) តែងតែបញ្ចូលនូវជំនាញចាំបាច់ ដែលតម្រូវសម្រាប់ការងារនោះ។ ត្រូវព្យាយាមធ្វើឲ្យខ្លួនឯងមានជំនាញត្រូវគ្នានឹងការងារនោះមុនពេលសម្ភាសន៍ការងារ ដូច្នេះទើបអ្នកដឹងច្បាស់ពីសំណុំជំនាញរបស់អ្នកច្បាស់លាស់។ អ្នកគ្រប់គ្រងដែលធ្វើការជ្រើសរើសបុគ្គលិកអាចនឹងចង់ឲ្យអ្នកបង្ហាញ និងសបញ្ជាក់ពួកគេថាហេតុអ្វីពួកគេចង់ជួលអ្នក។ ដូច្នេះ នៅពេលគេសួរអ្នកថា "ហេតុអ្វីយើងគួរជ្រើសរើសអ្នក?" អ្នកនឹងអាចផ្តល់នូវចម្លើយយ៉ាងលំអិត។ 

២- ដឹងឈ្មោះអនាគតចៅហ្វាយនាយរបស់អ្នក
រឿងដ៏សំខាន់បំផុតមួយ ដែលអ្នកគួរដឹងមុនពេលសម្ភាសន៍ការងារគឺឈ្មោះរបស់អនាគតចៅហ្វាយរបស់អ្នក។ នៅពេលអ្នកទទួលបានអ៊ីមែល ឬការទូរស័ព្ទដើម្បីបញ្ជាក់ប្រាប់អ្នកអំពីការសម្ភាសន៍ការងារ សូមកុំភ្លេចសួររកឈ្មោះចៅហ្វាយនាយ។ ព្យាយាមស្វែងរកព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើបានអំពីអនាគតចៅហ្វាយនាយរបស់អ្នក ហើយព័ត៌មានលំអិតទាំងនេះអាចនឹងជួយអ្នកឲ្យជោគជ័យក្នុងការសម្ភាសន៍ការងារ។ 

៣- ស្វែងរកតួនាទីរបស់ក្រុមហ៊ុនក្នុងពិភពជំនួញ
ព័ត៌មានគឺជាគន្លឹះនាំទៅរកជោគជ័យ ដូច្នេះសូមស្វែងរកតួនាទីរបស់ក្រុមហ៊ុនមួយនោះនៅក្នុងពិភពជំនួញ។ ប្រសិនបើអ្នកត្រូវបានជ្រើសរើសឲ្យធ្វើការ ព័ត៌មាននេះនឹងអនុញ្ញាតឲ្យអ្នកយល់ពីតួនាទីរបស់អ្នកកាន់តែប្រសើរ។ ព្យាយាមស្វែងរកមើលថាតើការងារនោះប្រទាក់ក្រឡាយ៉ាងដូចម្តេចខ្លះជាមួយនឹងក្រុមហ៊ុន ហើយសួរខ្លួនឯងថា "តើអ្នកពិតជាចង់បានការងារនោះដែរឬទេ?" ប្រសិនបើអាជីវកម្មរបស់ក្រុមហ៊ុននោះពុំស្របនឹងចំណាប់អារម្មណ៍របស់អ្នក ប្រហែលអ្នកពុំចាំបាច់ត្រូវការកិច្ចសម្ភាសន៍មួយនេះទេ។ 

៤- ស្វែងយល់​អំពី​គម្រោង​នា​ពេលថ្មីៗនេះ
​គម្រោង​នា​ពេល​ថ្មីនេះ ដែលសម្រេចរួចរាល់ដោយអនាគតចៅហ្វាយនាយគឺជាប្រធានបទសំខាន់ណាស់អំឡុងកិច្ចសម្ភាសន៍ការងារភាគច្រើន។ ហេតុអ្វីមិនចាប់ផ្តើមស្វែងយល់អំពីវាឲ្យបានច្រើនទៅ? វាជាឱកាសយកប្រៀបខ្ពស់ណាស់អំឡុងការសម្ភាសន៍ការងារ ហើយវាបង្ហាញថា អ្នកពិតជាចាប់អារម្មណ៍ធ្វើការជាមួយនឹងក្រុមហ៊ុន។ 

៥- ស្វែងយល់ពីការស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុន
ការដែលដឹងអំពីការស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុនមួយគឺសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុនដែលមានលក្ខណៈអភិរក្សខ្លាំង។ ទោះបីក្រុមហ៊ុនភាគច្រើនមានទម្លាប់ស្លៀកពាក់បែបធុរកិច្ចធម្មតាៗ ក៏ប៉ុន្តែមានចៅហ្វាយនាយដែលប្រណិប័តន៍សាសនាជាច្រើនពុំចូលចិត្តការស្លៀកសំពត់ខ្លី និងការពាក់អាវបញ្ចេញសាច់នោះដែរ។ ត្រូវស្វែងរកព័ត៌មានលំអិតទាំងនេះ និងត្រូវធ្វើឲ្យប្រាកដថា អ្នកស្លៀកពាក់សមរម្យសម្រាប់ការសម្ភាសន៍ការងាររបស់អ្នក។ ការដែលដឹងនូវអ្វីដែលត្រូវស្លៀកពាក់បានជួយដាក់ពិន្ទុពាក់កណ្តាលដល់អ្នករួចទៅហើយក្នុងកិច្ចសម្ភាសន៍ការងារ។ 

៦- លាក់ឲ្យជិតនូវរូបសាក់របស់អ្នក
នេះអាចស្តាប់ទៅរាងចម្លែកបន្តិច។ ប៉ុន្តែបណ្តាក្រុមហ៊ុនដែលមានការអភិរក្សខ្លាំង ឬក្រុមហ៊ុនសាជីវកម្មធំៗជាធម្មតាពុំចូលចិត្តរូបសាក់ទេ។ គួរឲ្យស្តាយ យើងបានភ្លេចអំពីរឿងនេះមុនពេលសម្ភាសន៍ការងារ ហើយបន្ទាប់មកយើងមិនដឹងពីមូលហេតុអ្វីបានជាយើងមិនជោគជ័យក្នុងកិច្ចសម្ភាសន៍ការងារ។ ទោះបីជារូបផ្កា ឬមេអំបៅនៅលើដៃស្តាំឬឆ្វេងរបស់អ្នកមានសម្រស់ស្រស់ស្អាតក៏ដោយ ក៏ប៉ុន្តែនិយោជកក្នុងការិយាល័យប្រហែលជាមិនចូលចិត្តវាទេ។ 

៧- ដឹងពីផែនការ ៥​ ឆ្នាំរបស់អ្នក
សំណួរទូទៅមួយ ដែលអ្នកសម្ភាសន៍ភាគច្រើនឧស្សាហ៍សួរអនាគតបុគ្គលិករបស់ពួកគេគឺ "តើអ្នកនឹងមើលឃើញខ្លួនអ្នកនៅទីណាក្នុងពេល ៥ ឆ្នាំទៀត?" ពិតមែនហើយ វាជាសំណួរដែលពិបាកឲ្យអ្នកគិតដល់ណាស់ នៅមុនពេលសម្ភាសន៍ការងាររបស់អ្នក។ អ្នកត្រូវតែបង្ហាញដល់អនាគតមេរបស់អ្នកថា អ្នកមានមហិច្ឆតា ហើយអ្នកមានបំណងធ្វើការឲ្យក្រុមហ៊ុនពួកគេ។ ការពន្យល់អំពីគោលដៅរបស់អ្នកក្នុងក្រុមហ៊ុនរបស់ពួកគេគឺជាវិធីមួយដើម្បីឲ្យពួកគេចាប់អារម្មណ៍ជួលអ្នកមកធ្វើការ។ 

ប្រសិនបើអ្នកចង់ធ្វើឲ្យមានការចាប់អារម្មណ៍ពីដំបូងឲ្យបានល្អបំផុត ត្រូវធ្វើឲ្យប្រាកដថា អ្នកបានត្រៀមខ្លួនរួចជាស្រេច មុនពេលការសម្ភាសន៍ការងាររបស់អ្នក។ សង្ឃឹមថា គន្លឹះទាំងនេះនឹងជួយអ្នករកបាននូវការងារក្នុងក្តីសុបិនរបស់អ្នក៕

មតិយោបល់