adverise with khmeread Unnamed %283%29

អាវុធហត្ថបញ្ជូនមនុស្ស១០នាក់ជាមួយថ្នាំញៀន២៦៣កញ្ចប់ទៅតុលាការ

    ភ្នំពេញ ៖ មនុស្ស១០នាក់ដែលសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ ចាប់បានក្នុង២ករណីផ្សេងគ្នាពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ២៦៣កញ្ចប់ទៅតុលាការនាថ្ងៃទី២៩ សីហា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធី។

    ករណីទី ១-ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង១០ និង៤៥នាទីនៅចំណុចតូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨ កែង លេខ៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

    មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងអាវុធហត្ថដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន០៧នាក់​(ស្រី០៣)ក្នុងនោះ ទី១.ឈ្មោះ ពិន សុខ ណា ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ, ទី១២.ឈ្មោះ ខឹម ស្រីដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី១៣.ឈ្មោះ លី សយ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ, ទី១៤.ឈ្មោះ ម៉ែន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី១៥.ឈ្មោះ រឿង ប្រុសម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ, ទី១៦.ឈ្មោះ ខឹម ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដនិងទី១៧.​ឈ្មោះ ណៃ ស្រីកា ភេទស្រី អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាក។

    ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងមាន ក្រាមសថ្លា ចំនួន២០កញ្ចប់តូច, ម៉ូតូ ចំនួន០១គ្រឿង, ដាវ ចំនួន០១ដើម, ជញ្ជីង ចំនួន០១, ដែកកេះ ចំនួន០៩ និងសម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន។

    ករណីទី២- គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខណ្ឌដូន ដែលមានលោក ថោង ពិសិដ្ឋ មេញ្ជាការខណ្ឌ បានបើកយុទ្ធនាការបោសសំអាត និងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសម្បុកធំថែមទៀត បើទោះបីការជួញដូរនោះមិននៅក្នុងមូលដ្ឋានរបស់លោកក៏ដោយ។

    លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា កាលពីវេលាម៉ោង២ និង៥៥នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្ទះជួលលក់ចាប់ហួយ លេខ៣៤ ផ្លូវរថភ្លើង ភូមិ២១ ក្រុម១០១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ជាប់ព្រំប្រទល់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងលោកសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនក្រុង បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ (ស្រី០១នាក់)។

    លោក ថោង ពិសិដ្ឋ បន្តថា ជនសង្ស័យទី១.ឈ្មោះ យ៉ុង​ ផូ ភេទស្រី អាយុ៥២ឆ្នាំ(ម្ចាស់ផ្ទះ), ទី២.ឈ្មោះ គង់ ឧសភា ភេទប្រុស អាយុ១៦ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ និង​ទី៣.​ឈ្មោះ រស់​ សាមិត្ត ភេទ ប្រុស​ អាយុ១៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាចំនួន ២៤៣កញ្ចប់តូច ដែកកេះចំនួន ០៦ សម្ភារៈវេចខ្ចប់ និងប្រដាប់ប្រដាសេពគ្រឿងញៀនមួយចំនួន។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានី  ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃនេះ៕

adverise with khmeread

មតិយោបល់