Unnamed %285%29

ស្រវឹងបើករថយន្តហាយឡែនឌ័របុកកម្លាំងអន្តរាគមន៍ម្នាក់របួសបាក់ជើង

    ភ្នំពេញ ៖ បុរសម្នាក់ទើបចេញពីផឹកស៊ីក្នុងហាងខារ៉ាអូខេ បានបើករថយន្តក្នុងស្ថានភាពស្រវឹងដល់ផ្លូវបំបែកមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូកងអន្តរាគមន៍ដែលជិះកាត់ពីមុខ បណ្តាលឱ្យរងរបួសបាក់ជើងធ្ងន់ធ្ងរ ឯរថយន្តមិនទាន់អស់ល្បឿន ក៏បន្តឡើងទៅបុកស្លាកសញ្ញាចរាចរណ៍លើសួនច្បារថែមទៀតផង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចភ្លើងស្តុបអាគារខ្ពស់ធនាគាកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

    រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6142 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណព្រមទាំងមានដឹកនារីម្នាក់ថែមទៀតផង។ ចំណែកជនរងគ្រោះជាកងកម្លាំងអន្តរាគមន៍រាជធានី ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូ​មួយ​គ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1CY-8292។

    តាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង។

    ពេលមកដល់ចំណុចភ្លើងស្តុបដែលជាផ្លូវបែកជាបួនរថយន្តមិនបានបន្ថយល្បឿនទេ ស្របពេលដែលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីកើតទៅលិច​លឿនដូចគ្នាក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងប៉ើងទាំងជនរងគ្រោះ និងម៉ូតូប្រហែល៥ម៉ែត្ររងរបួសបាក់ជើងស្តាំ និងត្រូវចំក្បាលធ្ងន់ធ្ងរ។

    ចំណែករថយន្តក៏បន្តទៅបុកស្លាកសញ្ញាដែលនៅលើសួនច្បារថែមទៀត ភ្លាមៗនោះ ក៏មានក្រុមអន្តរាគមន៍ផ្សេងជិះល្បាត​ ឃើញក៏ជួយហៅរថយន្តសង្គ្រោះ និងឃាត់ម្ចាស់រថយន្តតែម្តងទៅ។

    សាក្សីបានបន្ថែមទៀតថា នេះការធ្វេសប្រហែសត្រង់ចំណុចផ្លូវបែកជាបួន អាងតែផ្លូវស្ងាត់បើករថយន្តលឿនគ្មានគិតពីអាយុជីវិតអ្នកដទៃបន្តិចសោះ។ ចំណែកនារីម្នាក់ ដែលរួមដំណើរក្នុងរថយន្តដែរនោះបាននិយាយថា នាងអត់បានដឹងអ្វីទេ ដោយសារតែនាងស្រវឹង ហើយដេកក្នុងរថយន្ត នាងគ្រាន់តែចាំថា មុនពេលកើតហេតុ ជនបង្កចូលទៅកម្សាន្តនៅក្នុងខារ៉ាអូខេម្តុំគល់ស្ពានជ្រោយចង្វារ។ បន្ទាប់ពីចប់ម៉ោងជនបង្កបានហៅនាងឱ្យចេញក្រៅជាមួយ ចំណែករូបនាងដោយសារតែចប់ម៉ោងទើបបានចេញជាមួយជនបង្ក។ ពេលចូលដល់ក្នុងរថយន្តរូបនាងដេករហូតព្រោះស្រវឹង ដល់ពេលភ្ញាក់ឡើងក៏ឃើញរថយន្តបុកគ្នាតែម្តងទៅ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយជនបង្ក បានឡើងលើរថយន្តសង្គ្រោះទៅជាមួយផង។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញធ្វើការវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានី ដើម្បីរង់ចាំភាគីទាំង២ដោះស្រាយនៅពេលក្រោយ ៕
 

មតិយោបល់