adverise with khmeread Unnamed %281%29

ជំនួយបន្ថែមដល់ភរិយារបស់ចោរប្លន់ទូរស័ព្ទ ដែលបាញ់សម្លាប់ខ្លួនឯង ឱ្យរួចផុតបំណុលធនាគារ តែនៅបំណុលឯកជន

    ភ្នំពេញ ៖ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការរាជធានីភ្នំពេញ បានជួយឧបត្ថម្ភថវិកា៥លានរៀល អង្ករ៤ការ៉ុង ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរជូនដល់ប្អូនស្រី ជាភរិយារបស់ចោរប្លន់ទូរស័ព្ទ ដែលបានសម្លាប់ខ្លួនឯងពេលអាវុធហត្ថរាជធានីភ្នំពេញហ៊ុំព័ទ្ធជាប់កាលពីពលថ្មីៗនេះ។

    អំណោយនេះ បានប្រគល់ក្រោយពីបានដឹងរឿងកំសត់របស់ប្អូនស្រី ត្រូវបានទទួលការអាណិតអាសូរពីប្រជាជន មហាជន ជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាមួយគ្នានោះដែរ មានសប្បុរសជនពីររូប គឺលោក ហេង ឡាលីន និង លោក កែវ ចំរើន បានដឹងព័ត៌មានថា
ប្អូនស្រីនៅជំពាក់បំណុលធនាគារហត្ថាកសិករចំនួន ១៣៦០ដុល្លារ ហើយប្អូនស្រី បានចូលទៅជួបធនាគារសុំការបន្ធូរបន្ថយមកត្រឹមតែ១ពាន់ដុល្លារ ដើម្បីរកលុយសង តែខាងធនាគារមិនព្រម បានត្រឹមតែជួយសម្រួលបន្ថែមកាលកំណត់ឱ្យសងយូរជាងមុន ហើយការបន្ធូរបន្ថយនេះ ក៏ធ្វើឱ្យការប្រាក់កើនឡើងច្រើនជាងមុនដែរ។

    ឃើញដូច្នោះសប្បុរសជនទាំងពីរនាក់ បានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន១៥០០ដុល្លារ តាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់ប្អូនស្រី ដើម្បីសងផ្តាច់បំណុលធនាគារហត្ថាកសិករនោះតែម្តង។

    លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រសាសន៍ប្រាប់ដល់ប្អូនស្រីថា ថវិកាដែលសប្បុរសជនទាំងពីរខាងលើ ជូនប្អូនស្រីនេះគឺសម្រាប់សងផ្តាច់បំណុលធនាគារ រីឯបំណុលឯកជន ដែលគ្រួសារប្អូនស្រីនៅជំពាក់៦ពាន់ដុល្លារជាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
បានលើកទឹកចិត្តប្អូនស្រី ឱ្យទៅសុំក្តីមេត្តា ពីម្ចាស់បំណុល ដើម្បីសុំការពន្យារពេលសង នឹងឱ្យប្អូនស្រីយកថិវកា ដែលលោកបានផ្តល់ជូនទៅធ្វើជាទុនរកស៊ី ដើម្បីដោះសងបំណុលគេ បណ្តើរៗ​តាមលទ្ធភាព៕


 

adverise with khmeread

មតិយោបល់