adverise with khmeread Unnamed %281%29

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទវាយប្លន់យកទូរស័ព្ទដៃ

    បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នឹងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃនេះ បន្ទាប់ពីកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានស្រាវជ្រាវបន្ត រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅពាក់ព័ន្ធវាយប្លន់យកទូរស័ព្ទ។

    មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បក្សពួករបស់ឈ្មោះ ភ័ណ ជ្រូក គឺឈ្មោះ សរ បូរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។

    លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារយុត្តិធម៌ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សរ បូរី បានឆ្លើយសារភាពថា រូបគេពិតជាបក្សពួករបស់ឈ្មោះ ភ័ណ ជ្រូក ពិតប្រាកដមែន ដែលមានបក្សពួកចំនួន៦នាក់បានធ្វើសកម្មភាព លួចដោយហិង្សា កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបរិវេណក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោក ម៉ែន ភិរម្យ បានបន្តថា ជនសង្ស័យ ឈ្មោះ សរ បូរី បានឆ្លើយទៀតថា រូបគេធ្លាប់ធ្វើសកម្មភាពឆក់ និងវ៉ៃគេយកទូរស័ព្ទ ចំនួន៤លើកទាំងលើនេះហើយ។ ជនសង្ស័យបានឆ្លើយទៀតថា ក្នុងពេលកើតហេតុថ្ងៃទី១៩ សីហា នោះរូបគេបានកាន់ដំបងជ្រុង ខ្លះទៀតកាន់ដែកបំពង់ទីប ញញួរ កាំបិតផងដែរ។

    ក្រោយពីទទួលបានចម្លើយសារភាពហើយនោះ សមត្ថកិច្ចអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នាថ្ងៃនេះ។

    ចំណែកបក្ខពួកដែលនៅសេសសល់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនបន្តទៀត៕


 

adverise with khmeread

មតិយោបល់