adverise with khmeread Unnamed %284%29

ព្រហើនម៉េះ ! លក់ដូរថ្នាំញៀនមុខស្នាក់ការប៉េអឹម....ជាប់ខ្នោះប៉េអឹម២នាក់

    បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយចេកចំនួន៧នាក់ដឹកនាំដោយលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការណ៍បង្ក្រាបករណី​ជួញ​ដូរគ្រឿងញៀនខុសច្បាប់១កន្លែង នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់។

    ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១ថង់ធំស្មើនឹង៥,៤ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

    ក្រោយពីឃាត់ខ្លួនបានហើយអាវុធហត្ថធ្វើការសាកសួរភ្លាមៗ ពេលនោះជនសង្ស័យក៏បានឆ្លើយសារភាពថាថ្នាំញៀននេះទិញពីជនសង្ស័យម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ពេលនោះកម្លាំងអាវុធហត្ថ ចុះទៅដល់ក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ នៃបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀតនៅចំណុចស្តង់តាងួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យព្រមទាំង​ដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម c125 សេរី2016 គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន​២គ្រឿង។

    ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានអាវុធហត្ថយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ជនសង្ស័យទាំង២នាក់នេះ១-ឈ្មោះ ឈិត ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករ រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​​បន្ទាយមានជ័យ និង២-ឈ្មោះ ញិប ឈឿប ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករ រស់នៅបណ្តោះអាសន្នផ្ទះសំណាក់រ៉ូហ្សា ភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរៈសេនីយ៍ឯក បានបញ្ជាក់ទៀតថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២​នាក់​​នេះគឺបានទទួលព័ត៌មានពីប្រជាពលរដ្ឋជាច្រើនដងហើយថា ក្រុមយុវជននេះយកគ្រឿងញៀនមកលក់ចែកចាយជាញឹកញាប់នៅមុខអាវុធហត្ថខេត្ត។

    ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ពិតជាបានជួញដូរគ្រឿងញៀននៅចំណុចកើតហេតុពិតប្រាកដ។ ក្រោយពីបានចម្លើយសារភាពហើយជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់