1

មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់យកថ្នងដងត្រីប៉ងលួចទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ មុខសញ្ញាចោរកម្មធ្លាប់ជាប់ពន្ធនាគារ២នាក់បាន ប៉ុនប៉ងចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមិនទាន់បានសម្រេចផងត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ឫស្សីកែវ សហការនិងកម្លាំងប្រជាការពារមកអន្តរាគមន៍បង្ក្រាប​ និងឃាត់ខ្លួនទាន់ពេលវេលាដោយដកហូតបានម៉ូតូ១គ្រឿងនៅយប់ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០ ១៦ នៅត្រង់ចំណុចក្នុងបុរីរិទ្ធ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ។

    ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពីចូលទៅពួនសម្ងំក្នុងបុរីរិទ្ធ ត្រៀមប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយបក្ខពួកម្នាក់នៅចាំ ម៉ូតូខាងក្រៅចំណែកបក្ខពួកម្នាក់ទៀត បានចូលទៅក្នុងបម្រុងលួចទ្រព្យសម្បត្តិនៅខាងក្នុង។

    ប៉ូលិសបន្តថា មុខសញ្ញាចោរកម្មទាំង២ នាក់នៅពុំទាន់បានធ្វើសកម្មភាពលួចបានសម្ភារៈឫទ្រព្យសម្បត្តិអ្វីផង ក៏ត្រូវកម្លាំងប៉ូលិសប៉ុស្ដិ៍ឫស្សីកែវនិងខណ្ឌឫស្សីកែវ ដែលកំពុងល្បាតនៅពេលរាត្រី ដើម្បីការពារសន្តិសុខសុវត្ថភាពផ្សេងៗក្នុងភូមិសាស្ត្រ ដោយសហការ និងកម្លាំងប្រជាការពារសង្កាត់ បានប្រទះឃើញនឹងឃាត់ ដើម្បីត្រួតពិនិត្យសួរនាំ។

    ពេលសាកសួរ ស្រាប់តែបែកធ្លាយមានបក្ខពួក ម្នាក់បានចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយក៏ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដង ដោយដកហូតបានម៉ូតូ១គ្រឿង និងថ្នងដងត្រីសម្រាប់ដួសយកសម្ភារៈផ្សេងៗនៅក្នុងផ្ទះចំនួន​១​ផង​ដែរ។

    ជនសង្ស័យត្រូវឃាត់ខ្លួនទី១- ឈ្មោះ មាន សុផានិត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ
និងស្នាក់នៅមិនពិតប្រាកដ និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ និងឈ្មោះ សាន រាជ ភេទប្រុស អាយុ២៤ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បច្ចុប្បន្ន មុខសញ្ញាចោរកម្មទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីច្បាប់៕
 

មតិយោបល់