adverise with khmeread Miss w

ហ្គូទារ៉េស និយាយថា សុបិនរបស់នាងត្រូវគេបោះចោលដូចសំរាម

          បវរកញ្ញា​កូឡុំប៊ី អេរៀដណា ហ្គូទារ៉េស (Ariadna Gutierrez) បាននិយាយ​កាលពីថ្ងៃអង្គារ​ថា “​រយៈ​ពេល​ត្រឹមតែបួននាទី​ ពួកគេបានបំផ្លាញ​ក្តីសុបិន​របស់ខ្ញុំ​។ ពួកគេ​បាន​បោះ​ចូលក្នុងថង់ ហើយបោះចោលដូចសំរាមតែម្តង”។

          បវរកញ្ញាវ័យ២២​ឆ្នាំ​រូបនេះញញឹម​បិទមាត់​មិនជិត​ បន្ទាប់ពីត្រូវបានប្រកាស​ឈ្មោះជា​ជ័យលាភី​បវរកញ្ញា​ចក្កវាឡកាលពីថ្ងៃទី២០​ខែធ្នូ​ឆ្នាំ​២០១៥ ប៉ុន្តែ​មួយ​ប៉ប្រិចភ្នែក នាងប្រែជាខូចចិត្ត​ទៅវិញ បន្ទាប់ពី​ពិធីករ ស្ទីវ ហាវី (Steve Harvey) ប្រកាសថា លោកបានប្រកាស​ឈ្មោះម្ចាស់ជ័យលាភីខុស។

          ក្រោយមកម្កុដនេះត្រូវបានដកចេញពី​ក្បាល​របស់នាងហើយប្រគល់​ជូន​ម្ចាស់ពិតប្រាកដគឺបវរកញ្ញាហ្វីលីពីន ភីយ៉ា វើតបាច (Pia Wurtzbach)។ ការ​ធ្វើបែប​នេះពិតជាធ្វើឲ្យ ហ្គូទារ៉េស មិនសប្បាយចិត្តនឹង​របៀបដោះស្រាយ​ស្ថាន​ការណ៍​របស់កម្មវិធីនេះទេ។នាងបាន​បន្តថា “ពួកគេគួរដោះស្រាយតាមវិធីផ្សេង។ ខ្ញុំមាន​អារម្មណ៍​ថា ពួកគេហាក់ដូចជា​មិនខ្វល់ ចំពោះ​អារម្មណ៍​របស់​នារីម្នាក់​ ដែល​បាន​ខិតខំ​ប្រឹងប្រែងពេញមួយជីវិ​តរបស់នាង ដើម្បី​ក្តីសុបិន​នេះ”។

          បវរកញ្ញាកូឡុំប៊ីរូបនេះ​បន្តរក្សាភាព​ស្ងប់ស្ងាត់នៅលើ​វេទិកា ខណៈ​ពេល​លោក ហាវី ប្រកាសជ័យលាភីពិតប្រាកដ​ និងសូមអភ័យ​ទោស​ចំពោះការ​ប្រ​កាស​ឈ្មោះ​ខុស ប៉ុន្តែ​ ហ្គូទារ៉េស បាន​ស្រក់ទឹកភ្នែកភ្លាមៗ​ បន្ទាប់ពី​កម្មវិធីនេះ។​ហ្គូទារ៉េស ដូចជាមនុស្សមួយចំនួនទៀតដែរ បានលើកឡើងថា នាងនិង វើតបាច គួរគ្រងតំណែងបវរកញ្ញាចក្កវាឡនេះរួមគ្នា បន្ទាប់ពីមានឧប្បត្តិហេតុ​បែបនេះ​កើតឡើង ប៉ុន្តែ​ម្ចាស់ជ័យលាភីគ្មានគម្រោងធ្វើបែបនេះទេ។ វើតបាច បាន​និយាយកាលពីថ្ងៃអង្គារថា “ខ្ញុំគិតថា វាពិបាក​បន្តិចហើយ​សម្រាប់បវរកញ្ញាពីរ​នាក់គ្រងម្កុដតែមួយនោះ”៕

adverise with khmeread

មតិយោបល់