adverise with khmeread Unnamed %285%29

E-Sport កម្ពុជាបង្ហាញទិសដៅនាពេលអនាគត និងសមិទ្ធផលនានា ដែលទទួលបានក្នុងឆ្នាំនេះ

    ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា E-Sport ថ្លែងបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីចុង សប្តាហ៍កន្លងទៅ ​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បី​បង្ហាញ​នូវទិសដៅការងារសម្រាប់ ពេលខាងមុខ និងសមិទ្ធផលនានា ដែលខ្លួនទទួលបានក្នុងឆ្នាំ២០១៦នេះ។

    លោក​ ជា ច័ន្ទបរិបូណ៍ អនុប្រធាន​សហព័ន្ធ​ E-Sport កម្ពុជា​ មានប្រសាសន៍ថា ​ទី១-នៅក្នុងកិច្ចប្រជុំកំពូល នៅប្រទេសចិន កាលពីខែកក្កដា កន្លងទៅ ​គឺកម្ពុជា រួមទាំងបណ្តាប្រទេសជាច្រើនទៀតនឹងខិតខំរួមគ្នា ធ្វើយ៉ាងណាឱ្យ​ E-Sports ​ក្លាយ​ជា​កីឡា​ពិត​ប្រាកដ​, ទី​២- គឺ​​ខិត​ខំ​ប្រឹង​ប្រែ​ងដើម្បី​ឲ្យ​កីឡា​ E-Sports ក្លាយ​ទៅជា​ប្រភេទកីឡា​អូឡាំពិក​ សម្រាប់ដាក់ចូលរួមប្រកួត ក្នុងអូឡាំពិកហ្គេម នាឆ្នាំ​២០២០ នៅប្រទេសជប៉ុន​ និង​ទី​៣-​​បណ្តា​ប្រទេស​នៅ​អាស៊ាន​គ្រោង​បង្កើត​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ាន ព្រម​ទាំង​មាន​កិច្ច​ការ​សំខាន់​ៗ​ជា​ច្រើន​ទៀតផងដែរ។

    លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ កម្ពុជា បានលើកឡើងពី​សកម្មភាព​របស់​សហព័ន្ធ​ដែល​បាន​អនុវត្ត​​ ក្នុង​ឆ្នាំ​២០១៦ ​ និង​ត្រៀម​ខ្លួន​សម្រាប់​រៀប​ចំ​កម្មវិធី​នា​ពេល​ខាង​មុខ​ទៀត។ ​សកម្មភាព​កន្លង​មក​​ E-Sports កម្ពុជា​បាន​បញ្ជូន​ក្រុម​កីឡា​ទៅ​ចូល​រួម​ប្រកួត​​ Asian Game for E-Sports នៅ​ប្រទេសម៉ាឡេស៊ី​ដែល​មាន​​៧​ប្រទេស​ចូល​រួម​​គឺ​ សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន​ ថៃ​ វៀតណាម ម៉ាឡេស៊ី និង​កម្ពុជា។ ​

    ការ​ប្រកួត​នេះ​មាន​ប្រភេទ​ក​វិញ្ញាសា​គឺ​ FIFA​​ 2016 ,​ Counter Strike Global offensive​ និង ​Dota 2។ កម្ពុជា​មាន​​១​ក្រុម​ទៅ​ចូល​រួម​ក្នុង​ប្រភេទ​កីឡា​ Dota2។ ការ​ប្រកួត​ត្រូវ​បែង​ចែក​ជា​​​២​ពូល​​ ដោយ​កម្ពុជា​ស្ថិត​នៅ​ក្នុង​​ពូល​ B។ ជា​លទ្ធផល​ក្រុម​កម្ពុជា​ឈ្នះ​​២​ប្រកួត​ និង​ចាញ់​៣​ប្រកួត​។ 

    កម្ពុជាបាន​ជាប់​ក្នុង​ក្រុម​ខ្លាំង​ៗ ហើយ​ទទួល​រង្វាន់​ជា​ប្រាក់​ ​៣៥០០​ដុល្លារ​អាមេរិក។ នៅ​ឆ្នាំ​២០១៦​នេះ​ដែរ​ សហព័ន្ធ​ក៏​បាន​​រៀប​ចំ​ការ​ប្រកួត​​ជ្រើស​រើស​​ជើង​ឯក​លីគ​ AK2 League 2016។

    សម្រាប់​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​ជាតិ​ National Electronic Tournament 2016 គ្រោង​នឹង​​ចាប់​ផ្តើម​បើក​ឱ្យ​ចុះ​ឈ្មោះ​ទូ​ទាំង​ប្រទេស​នៅ​ខែ​កញ្ញា​ខាង​មុក​នេះ។ វគ្គ​ប្រកួត​ជម្រុះ​នឹង​ធ្វើ​ឡើង​ក្នុង​ ​២៣​​ខេត្ត​ក្រុង​ លើ​២​វិញ្ញាសា​គឺ​ AK2​ និង​ Dota2។ ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​ NOCC នេះ។ ​ក្រុម​ជ័យលាភី​ពី​ការ​ប្រកួត​នេះ​នឹង​តំណាង​​ឱ្យ​កម្ពុជា​ទៅ​ចូល​រួម​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី នាពេលខាងមុខ៕

adverise with khmeread

មតិយោបល់