adverise with khmeread Unnamed %281%29

ក្រុម Panzii ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ហ្វូតសាលសាកលវិទ្យាល័យន័រតុន រដូវកាល ២០១៦

    ភ្នំពេញ ៖ ក្រុម Panzii បានក្លាយជាម្ចាស់ដំណែងជើងឯក ពានរង្វាន់បាល់ទាត់ហ្វូតសាល សាកលវិទ្យាល័យ ន័រតុន លើកទី៤ រដូវកាល ២០១៦ បន្ទាប់ពីបានយកឈ្នះលើក្រុម Republic of player ដោយលទ្ធផល ៣ទល់១ នៅវគ្គ ផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលាន LBN សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ព្រឹត្តិការណ៍នេះ មានក្រុមចូលរួមចំនួន៣២ក្រុម ដែលកីឡាករ សុទ្ធសឹងជានិស្សិតរបស់សាកលវិទ្យា ល័យ ន័រតុន ហើយចែកចេញជា៨ពូល។ ការប្រកួតបានចំណាយពេលអស់ជាច្រើនខែ រហូតដល់រកឃើញក្រុម ខ្លាំងៗបានឡើងទៅប្រកួតវគ្គខ្វែងពូល ហើយក៏សម្រាំងបានម្ចាស់ជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។ 

    ក្រុម Panzii ដែលគ្រងម្ចាស់ជើងឯករដូវកាល ២០១៦នេះ ទទួលបានពានរង្វាន់១ អមដោយប្រាក់រង្វាន់ចំនួន ១លានរៀល, ជើងឯករង Republic of player ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល រីឯក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Dark-X ប្រាក់រង្វាន់ ៤០ម៉ឺនរៀល និងក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Blue Storm FT ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។

    នៅក្នុងការប្រគល់ជូនពានរង្វាន់ ​និងប្រាក់រង្វាន់ជ័យលាភីនេះ ទទួលបានការចូលរួមផ្តល់កិត្តិយសពី កីឡាករអាជីព និងជម្រើជាតិកម្ពុជា មកពីក្លឹបណាហ្គាវើល គួច សុកុម្ភៈ ជាមួយនឹងការចែករំលែកបទពិសោធន៍ និងការលើកទឹកចិត្តពីកីឡាករដ៏ឆ្នើមរូបនេះទៀតផង។ 

    ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅចង់ឱ្យកីឡាករ ដែលជានិស្សិតន័រតុន បានលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈព្រឹត្តិការណ៍នេះដែរ ជាការបំផុសស្មារតីដល់យុវជននានា ឱ្យងាកមកលេងកីឡា ជៀសឆ្ងាយ ពីអំពីអបាយមុខផ្សេងៗផងដែរ។

    សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ពានរង្វាន់កីឡាបាល់ទាត់នេះ, សាកលវិទ្យាល័យក៏បានបង្ហាញនូវប្រភេទ កីឡាថ្មីមួយទៀតគឺ កីឡាឆៀរលីដឌីង ដែលជាកីឡាបែបកាយសម្ព័ន្ធ។ ក្រុមកីឡាករឆៀរលីដឌីងន័រតុន ដែល តំណាងឱ្យកម្ពុជានេះ ទើបតែត្រលប់មកពីទទួលការហ្វឹកហាត់បន្ថែមពីប្រទេសជប៉ុនក្នុងពេលថ្មីៗនេះ។ 

    សាកលវិទ្យាល័យន័រតុនត្រូវបានសហព័ន្ធកីឡាឆៀរលីដឌីងអន្តរជាតិ ដែលមានទីស្នាក់ការធំនៅជប៉ុន ជ្រើសរើសជា សហព័ន្ធកីឡាឆៀរលីដឌីងនៃកម្ពុជា ហើយក្រុមកីឡាឆៀរលីដឌីងកម្ពុជាដំបូងនេះបានទទួលសិទ្ធិពេញលេញ ក្នុងការចូលរួមប្រកូតថ្នាក់ពិភពលោកបានទៀតផង៕

adverise with khmeread

មតិយោបល់