adverise with khmeread Medal final 2987842f

មហាសេដ្ឋីប៉ូឡូញម្នាក់ចេញមុខជួយចេញថ្លៃព្យាបាលដល់កូនប្រុសរបស់អត្តពលិក ដែលប្រកាសលក់មេដាយអូឡាំពិករបស់ខ្លួនដើម្បីព្យាបាលមហារីកកូន

    អត្តពលិកកីឡាអូឡាំពិកម្នាក់ៗប្រឹងប្រែងរាប់ឆ្នាំ ហើយពេលខ្លះប្រឹងពេញមួយជីវិតរបស់ពួកគេ ដោយសង្ឃឹមនាំយកមេដាយអូឡាំពិកត្រឡប់មកផ្ទះវិញ ហើយយកមកតាំងក្នុងទូពានរង្វាន់របស់ខ្លួនប៉ុន្តែសម្រាប់អត្តពលិកចោលដុំដែកសញ្ជាតិប៉ូឡូញឈ្មោះ Piotr Malachowski ឯណេះវិញ ដែលបាននាំយកមេដាយប្រាក់នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 ដែលទើបនឹងបញ្ចប់ក្នុងខែនេះ បានដាក់មេដាយរបស់គាត់នៅកន្លែងផ្សេងទៀតទៅវិញ ពោលគឺយកវាទៅដាក់លក់ដេញថ្លៃលើវេបសាយទិញទំនិញអនឡាញ eBay។

    លោក Malachowski បានសរសេរនៅលើបណ្តាញសង្គម​ Facebook កាលពីសប្តាហ៍មុនថា គោលបំណងរបស់លោកមិនមែនជាការចំណាយប្រាក់ជាបន្ទាន់សម្រាប់ខ្លួនគាត់ផ្ទាល់នោះឡើយ ប៉ុន្តែគាត់ធ្វើបែបនេះដើម្បីបង្កើតមូលនិធិសម្រាប់កូនប្រុសវ័យ ៣ ឆ្នាំរបស់គាត់ឈ្មោះ Olek  ដែលកើតមហារីកភ្នែក ដែលត្រូវការការព្យាបាលជាចាំបាច់បំផុត។

    ការព្យាបាលនេះគឺពិបាកណាស់ ហើយយោងតាមពាក្យសម្តីរបស់លោក Malachowski ការវះកាត់អាចធ្វើបានសម្រេចបាន ទាល់តែនៅបុរីញូវយ៉កដែលធ្វើឱ្យការចំណាយនៃការព្យាបាលនេះរឹតតែច្រើនលើសពីសមត្ថភាពគាត់ជាអ្នកកីឡាគ្មានចំណូលច្រើនម្នាក់។

    ការដេញថ្លៃបានធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍មុន ដែលការផ្តល់ជូនតម្លៃខ្ពស់បំផុតបានត្រឹមតែប្រហែលជា ១៩.០០០ដុល្លារប៉ុណ្ណោះ មិនទាន់គ្រប់នឹងតម្លៃព្យាបាល ១២៦.០០០ដុល្លារដែលត្រូវការសម្រាប់ព្យាបាល Olek ទេ។ នេះបើយោងតាមវេបសាយ ESPN ។ 

    ប៉ុន្តែអ្វីៗបានប្រសើរឡើងវិញ នៅពេលដែលបងប្អូនមហាសេដ្ឋីប៉ូឡូញពីររូប ឈ្មោះ Dominika និង Sebastian Kulczyk បានឈានជើងចូលក្នុងការដេញថ្លៃមួយនេះ។ 

    លោក Malachowski មិនបានបង្ហាញពីតម្លៃដែលអ្នកទាំងពីរបានដេញទៅលើមេដាយរបស់គាត់នោះឡើយ ប៉ុន្តែគាត់បានបញ្ជាក់នៅក្នុងផុស Facebook របស់គាត់ថា អ្នកទាំងពីរ "បានប្រកាសឆន្ទៈរបស់ពួកគេក្នុងការទិញមេដាយប្រាក់របស់ខ្ញុំសម្រាប់ចំនួនទឹកប្រាក់មួយ ដែលអាចឱ្យយើងបំពេញគោលដៅរបស់យើងបាន។ យើងអាចបង្ហាញរឿងទាំងនោះជាមួយគ្នា យើងអាចបង្កើតអព្ភូតហេតុបាន"។

    គាត់បានបន្តទៀតថា "មេដាយប្រាក់របស់ខ្ញុំថ្ងៃនេះ គឺពិតជាមានតម្លៃខ្ពស់ច្រើនជាងសប្តាហ៍កន្លងទៅ។ វាគឺពិតជាមានតម្លៃសម្រាប់ជីវិត និងសុខភាពនៃកូនតូច Olek ។ នេះជាជោគជ័យដ៏អស្ចារ្យរួមគ្នារបស់ពួកយើង”៕ 

adverise with khmeread

មតិយោបល់