adverise with khmeread Unnamed %282%29

បង្ក្រាបបានក្រុមចោរប្លន់៤នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ពីនារីម្នាក់បានសម្រេច(មានវីដេអូ)

    ភ្នំពេញ ៖ ក្រុមចោរប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញចំនួន៤នាក់ និងជនសង្ស័យប្រុសស្រីជាច្រើននាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក ទៀង ច័ន្ទសារ អធិការប៉ូលិសខណ្ឌ បើកយុទ្ឋនាការចុះបង្ក្រាបបានទាំងកណ្តាលយប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពភ្ជង់ប្លន់នារីម្នាក់បានសម្រេច ដោយយកអស់គ្រឿងអលង្ការអស់មួយចំនួន។

    កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ខាងក្រោយរោងចក្រឆេះក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

    ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួនបានដំបូងឈ្មោះ ខុន សុខជាតិ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី២ឈ្មោះ សិដ្ឋ មុខរបនិងទីលំនៅមិនពិតប្រាកដ ហើយដកហូតដាវសាំម៉ូរៃមួយដើម និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FJ -9593។

    បើតាមសម្តីរៀបរាប់ពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាង បានចេញពីខួបកំណើតមិត្តភក្តិនៅក្លឹបម៉ារិន។ បន្ទាប់ចប់កម្មវិធីរូបនាងបានជិះម៉ូតូធូដេមួយគ្រឿងធ្វើដំណើរត្រលប់ទៅផ្ទះវិញ។ ខណៈមកដល់ចំណុចមុខរោងចក្រមួយកន្លែងតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីរូបនាងបានឈប់ម៉ូតូនិយាយទូរស័ព្ទ។

    ភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយ ដាវ សាម៉ូរ៉ៃដកមកភ្ជង់ក គំរាមកាប់បើហ៊ានស្រែកហើយបានធ្វើសកម្មភាពប្លន់យកទូរស័ព្ទអាយ ហ្វូនមួយគ្រឿង និងទូរស័ព្ទចុចពិល ថែមទាំងខ្សែកមួយខ្សែទៀត។

    ប៉ូលិសបានបន្តថា នៅពេលក្រុមចោរប្លន់ធ្វើសកម្មភាពហើយ ភា្លមនោះក៏បានជួបនឹងកម្លាំងកំពុងល្បាតនៅក្នុងមូលដ្ឋាននិងបានធ្វើការដេញចាប់ក្រុមជនសង្ស័យតែម្តង។ ដោយពេលនោះចាប់បានភ្លាមៗចំនួន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់និងដកហូតបាន ដាវសាម៉ូរ៉ៃធ្វើសកម្មភាព១ដើម ម៉ូតូ១គ្រឿង។

    បន្ទាប់ពីធ្វើសាកសួរនាំជនសង្ស័យទាំង២ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ មក លើនារីរងគ្រោះពិតប្រាកដមែននិងបានប្រាប់ពីទីតាំងដែលពួកគេពួនសម្ងំលាក់ខ្លួនជារៀងរាល់ថ្ងៃ។

    ដោយទទួលបានព័ត៌មានភ្លាមនោះ លោក ទៀង ច័ន្ទសា បានដឹកនាំបញ្ជាកម្លាំង ដោយផ្ទាល់ចុះធ្វើការបង្ក្រាបជាក់ស្តែងដល់ទីតាំងខាងលើនិងឃាត់ខ្លួនបានក្រុមជនដៃដល់ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់២នាក់ទៀត ដកហូតបានរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង
ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-5777 និងដាវសាម៉ូរ៉ៃជាច្រើនដើមនៅក្នុងរថយន្ត និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ផ្សេងទៀតផងដែរ។

    ក្រោយមកជនសង្ស័យដែលឃាត់ខ្លួនបាន សមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់