adverise with khmeread Your workplace

រឿង ៧ យ៉ាងដែលអ្នកមិនគួរធ្វើនៅកន្លែងធ្វើការ

ប្រសិនបើអ្នកចង់ក្លាយជាបុគ្គលិកដ៏ជោគជ័យ អ្នកត្រូវតែមានការប្រុងប្រយ័ត្នកុំធ្វើឲ្យមានកំហុសគួរឲ្យរំខានមួយចំនួន ដរាបណាអ្នកលែងខ្វល់ពីការបាត់បង់ការងារ។ ការមកមិនទាន់ម៉ោងរាល់ថ្ងៃគឺជាចំណុចលេខ ១ ក្នុងរឿងគួរឲ្យរំខានបំផុតជាច្រើន ដែលបានប្រព្រឹត្តនៅកន្លែងធ្វើការរបស់អ្នក។ ជាងនេះទៅទៀត មានឥរិយាបថផ្សេងទៀតជាច្រើន ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើទេនៅក្នុងការិយាយល័យ។ ប្រសិនបើអ្នកចង់ឲ្យគេមើលមកឃើញថាជាបុគ្គលិកម៉ឺងម៉ាត់ អ្នកគួរតែប្រកាន់ខ្ជាប់នូវវិន័យនៅកន្លែងធ្វើការទាំងនេះ និងចៀសវាងនូវឥរិយាបថ ដែលអាចរំខាន ឬធ្វើឲ្យខឹងដល់អ្នករួមការងារជាមួយ។

១- ​និយាយ​ដើម​គេ
លោកសូក្រាតធ្លាប់បាននិយាយថា "មនុស្សអសីលធម៌និយាយអាក្រក់ពីអ្នកដទៃ, មនុស្សប្រក្រតីនិយាយពីវត្ថុសម្រាប់ជីវិត, មនុស្សប្រកបដោយគតិបណ្ឌិតនិយាយពីគំនិត ដែលធ្វើឲ្យជីវិតប្រសើរឡើង"។ ទោះតាមមធ្យោបាយណាក៏ដោយ ត្រូវព្យាយាមធ្វើខ្លួនជាមនុស្សប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃជានិច្ច។ ការនិយាយដើមគេគឺជាគុណវិបត្តិ ដែលសម្លាប់ការងារខ្លួនឯង មិនថាអ្នកធ្វើការនៅទីណានោះឡើយ។ វាជាការប្រសើរដែលត្រូវចៀសវាងការនិយាយអេចអូចអំពីអ្នកធ្វើការជាមួយរបស់អ្នក បើមិនដូច្នោះទេអ្នកអាចនឹងប្រឈមហានិភ័យក្នុងការបាត់បង់សិទ្ធិអំណាចក្នុងក្រុមហ៊ុន ឬក៏ការងារទៀតផង។ កុំភ្លេចឲ្យសោះ អ្នកទៅកន្លែងធ្វើការដើម្បីតែគោលបំណងមួយគត់ប៉ុណ្ណោះ នោះគឺធ្វើការ។ អ្នកអាចនិយាយគ្នារឿងជីវិតផ្ទាល់ខ្លួនរបស់អ្នកធ្វើការជាមួយនៅពេលផ្សេងទៀត ប្រសិនបើចាំបាច់។ នៅកន្លែងធ្វើការ អ្នកត្រូវតែបង្ហាញពីវិជ្ជាជីវៈរបស់អ្នក។ 

២- ការធ្លាក់ចុះទឹកចិត្តធ្វើការ
បញ្ហាជាមួយនឹងការធ្លាក់ចុះទឹកចិត្តធ្វើការនៅកន្លែងធ្វើការកាន់តែបង្ហាញឲ្យឃើញច្បាស់ទៅៗនាពេលសព្វថ្ងៃនេះ។ ការធ្លាក់ចុះទឹកចិត្តធ្វើការអាចធ្វើឲ្យប៉ះពាល់ដល់ផលិតភាពការងារ ថយចុះការសហការរវាងបណ្តាផ្នែកផ្សេងៗ និងបង្កើនកំហុសការងាររបស់អ្នកកាន់តែច្រើន។ អ្នកគួរតែរៀនរក្សាទឹកចិត្តធ្វើការរបស់អ្នកនៅនៅកម្រិតសមរម្យមួយ។ ប្រសិនបើអ្នកមិនបង្ហាញភាពរីករាយចំពោះភារកិច្ចរបស់អ្នក អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះថាជាមនុស្សអស់សង្ឃឹមនៅពេញការិយាល័យឬនាយកដ្ឋានរបស់អ្នក។ មិត្តរួមការងាររបស់អ្នកនឹងលែងមានអារម្មណ៍សហការជាមួយអ្នក។ ជាងនេះទៅទៀត អ្នកគួរដឹងថា ថ្នាក់លើរបស់អ្នកតែងព្យាយាមមានចំណាត់ការភ្លាមៗដើម្បីលុបបំបាត់បុគ្គលិកអាក្រក់ក្នុងក្រុមហ៊ុនរបស់ពួកគេ ព្រោះពួកគេដឹងថា បុគ្គលិកដែលគ្មានទឹកចិត្តធ្វើការអាចបង្កបរិយាកាសមិនចង់ធ្វើការដល់អ្នកដទៃលឿនជាងអ្វីៗផ្សេងទៅទៀត។

៣- ជម្លោះ
មនុស្ស ដែលធ្វើការជាមួយគ្នាតែងតែមានការខ្វែងគំនិតគ្នាលើមតិយោបល់ និងទស្សនៈណាមួយ ដែលជាធម្មតានាំទៅរកការផ្ទុះជាជម្លោះ។ ប្រសិនបើអ្នកប្រឈមនឹងការប៉ះទង្គិចផ្ទាល់ខ្លួន អ្នកគួរតែមានចំណាត់ការដ៏មានហេតុផលដើម្បីបន្ថយប្រេកង់នៃជម្លោះ និងលទ្ធភាពបង្កការខូចខាត ដែលជម្លោះនោះអាចបង្កឡើងនៅក្នុងកន្លែងធ្វើការ។ វិធីល្អបំផុត និងមានប្រសិទ្ធភាពបំផុតដើម្បីដោះស្រាយជម្លោះគឺត្រូវស្វែងរកអ្នកសម្របសម្រួលដែលអាចទទួលយកបានណាម្នាក់។ កុំទុកឲ្យអ្នករួមការងាររបស់អ្នកមកឆាឆៅ និងបំពានអ្នកឥតលោះពេល។ អ្នកគួរតែតាំងចិត្តឲ្យស្ងប់ និងធ្វើរាល់អ្វីៗដែលអាចទៅរួចដើម្បីដោះស្រាយជម្លោះ និងរក្សាភាពថ្លៃថ្នូរឲ្យបានគ្រប់ពេលវេលា។ ត្រូវព្យាយាមរក្សាភាពឈ្នះរបស់អ្នកតាមគ្រប់មធ្យោបាយ ប៉ុន្តែប្រសិនបើគ្មានអ្វីអាចជួយបានដើម្បីបញ្ចប់ជម្លោះទេ អ៊ីចឹងត្រូវស្នើសុំគេឲ្យជួយសម្រួលជាបន្ទាន់។ 

៤- បំពានការស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុន
គ្រប់ក្រុមហ៊ុនតម្រូវឲ្យបុគ្គលិករបស់ខ្លួនអនុវត្តតាមការស្លៀកពាក់ឯកសណ្ឋានក្រុមហ៊ុន។ អ្នកនឹងមានសំណាងណាស់ប្រសិនបើក្រុមហ៊ុនអនុញ្ញាតឲ្យស្លៀកពាក់សេរី។ ប្រសិនបើអត់ទេ អ្នកត្រូវតែស្លៀកពាក់តាមអ្វីដែលក្រុមហ៊ុនកំណត់ ព្រោះច្បាប់ក្រុមហ៊ុនអនុវត្តចំពោះបុគ្គលិកគ្រប់គ្នាទាំងអស់។ 

៥- ​"នោះ​មិន​មែន​ជា​ការ​ងាររបស់​ខ្ញុំទេ"
ខណៈអនុវត្តតាមសំណើម្តងម្កាលពីមេរបស់អ្នកដើម្បីជួយកិច្ចការមួយចំនួន ដែលមិនមែនជាផ្នែកមួយនៃការងាររបស់អ្នក អ្នកអាចឆ្លើយតបបានពីរផ្លូវគឺយល់ព្រម និង ថា "នោះមិនមែនជាការងាររបស់ខ្ញុំទេ"។ ប្រសិនបើអ្នកចង់បានការដំឡើងតំណែងការងារ អ្នកត្រូវតែធ្វើវា។ ប្រសិនបើអ្នកយល់ថាការធ្វើការងាររបស់គេគឺមិនយុត្តិធម៌ អ្នកអាចបដិសេធមិនទទួលយកកិច្ចការរបស់អ្នកដទៃបាន។ តាមវិធីនេះ អ្នកអាចនិយាយថាលាហើយចំពោះអនាគតការដំឡើងតួនាទី។ 

៦- មិនមែនជាសមាជិកក្រុមផង
ប្រសិនបើអ្នកចង់ក្លាយជាបុគ្គលិកជោគជ័យ អ្នកគួរតែអភិវឌ្ឍជំនាញរបស់អ្នកក្នុងការធ្វើការជាមួយនឹងមិត្តរួមការងាររបស់អ្នក និងត្រូវក្លាយជាផ្នែកមួយដ៏មានតម្លៃក្នុងក្រុមការងារ។ វានឹងជួយអ្នកឲ្យកសាងទំនាក់ទំនងដ៏អស្ចារ្យជាមួយនឹងមិត្តរួមការងារ និងចៅហ្វាយនាយ។ នៅពេលអ្នកចង់កាត់បន្ថយ ឬចៀសវាងការធ្វើទំនាក់ទំនងអំឡុងម៉ោងបាយថ្ងៃត្រង់ជាមួយមិត្តរួមការងារ ឬមិនចង់ស្និទ្ធស្នាលជាមួយពួកគេអំឡុងម៉ោងទំនេរ អ្នកកំពុងតែប្រឈមនឹងការឲ្យគេមើលមកឃើញថាអ្នកមិនមែនជាមនុស្សសំខាន់ក្នុងក្រុមការងារនោះឡើយ។ 

៧- និយាយលេងឆ្អេះឆ្អាស់
ប្រាកដណាស់ ការនិយាយកំប្លែង និងសំណើចក្នុងការិយាល័យអាចកាត់បន្ថយស្ត្រេស៍ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន។ ប៉ុន្តែដើម្បីហេតុផលល្អ សូមកុំប្រើការនិយាយកំប្លែងបែបនេះឲ្យសោះ។ សូមព្យាយាមទុកការនិយាយកំប្លែងឆ្អេះឆ្អាស់ និងប្រភេទនៃសំណើចចែចង់មួយចំនួនទៀតឲ្យនៅក្រៅការិយាល័យ។ ជួនកាល ការនិយាយលេងឆ្អេះឆ្អាស់ក៏អាចធ្វើឲ្យលែងមានភាពស្និទ្ធស្នាលជាមួយមិត្តរួមការងារ និងបង្កើតបាននូវបរិយាកាសធ្វើការដែលប្រកបទៅដោយអរិភាពខ្លាំងឡើងៗផងដែរ។ កុំធ្វើឲ្យខ្លួនឯងក្លាយជាប្រភពនៃសំណើចឆ្អេះឆ្អាស់នៅក្នុងការិយាល័យរបស់អ្នកឲ្យសោះ។ 

សព្វថ្ងៃ មនុស្សជាច្រើនត្រូវតែធ្វើការក្នុងការិយាល័យ និងប្រកាន់ខ្ជាប់ទៅនឹងច្បាប់ជាក់លាក់របស់ក្រុមហ៊ុន។ វាជាការប្រសើរណាស់ដែលបានដឹងពីឥរិយាបថដែលអាចកើតឡើងទាំងនេះ ដែលអាចនាំទៅដល់ជម្លោះបុគ្គល និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯង៕  

adverise with khmeread

មតិយោបល់